Sponsor

ភ្នំពេញៈ រទេះលក់មីឆាបាយឆា រ៉ឺម៉កម៉ូតូ រថយន្តមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ បានរងការខូចខាតយ៉ាងដំណំ ព្រោះបុរសជនជាតិម្នាក់ និងមានប្រុសស្រី៣នាក់ រួមដំណើរជាមួយបានបើករថយន្តមកបុករះទាំងកំរោល ​កាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះដែលជាម្ចាស់រទេះលក់មីឆាបាយឆា បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8199 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ជាជនជាតិចិន ព្រមទាំងប្រុសស្រី៣នាក់ទៀត រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយមកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោងមិនបន្ថយល្បឿននោះទេ ស្រាប់តែជ្រុលចង្កូតបុករទេះលក់មីឆាបាយឆា និងរ៉ឺម៉កម៉ូតូក្រឡាប់ ទៅប៉ះនិងរថយន្តឡិចស៊ីស LX470 ពាក់ស្លាកលេខ ភ្នំពេញ​ 2AK-0055 ដែលចតនៅចញ្ចើមផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យបាក់អស់២ប្រលោះ​ ខូចខាតយ៉ាងដំណំ តែសំណាងល្អដែរ ក្នុងអំឡុងពេលកើតហេតុមនុស្សដែលនៅកន្លែងកើតហេតុបានឃើញសភាពមិនស្រួល ក៏បានរត់ចេញភ្លាមៗ ទើបមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ បុរសជនជាតិចិនដែលបើករថយន្តបង្កហេតុ មិនព្រមចុះដោះស្រាយនោះទេ រហូតសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកដល់ ទើបព្រមចុះសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមានតំណាងជួយដោះស្រាយ ព្រមសងថ្លៃខូចខាតទៅលើរទេះលក់មីឆាបាយឆា និងរ៉ឺម៉កម៉ូតូជាម្ចាស់តែមួយចំនួន៤ពាន់ដុល្លា ឯរថយន្តឡិចស៊ីសLX470 និងរបងផ្ទះពលរដ្ឋជាម្ចាស់តែមួយចំនួន៤ពាន់ដុល្លារទៀត ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor