
ភ្នំពេញៈ ជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចកាច់សោក យកម៉ូតូ Suzuki Let's មួយគ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ក្រោយពីនារីរូបស្រស់ជាម្ចាស់ម៉ូតូ ជិះចេញមកពីធ្វើការរួចទុកម៉ូតូ នៅចំណុចមាត់ច្រកចេញចូលជាន់ផ្ទាល់ដី រួចយកស្បែកជើងឡើងទៅអោយមិត្តភ័ក្តិនៅលើផ្ទះមួយកន្លែង លុះពេលចុះមកវិញ ទើបផ្អើលឆោឡោឡើងថា បាត់ម៉ូតូ ទើបហៅម៉ូតូឌុបជូនទៅដាក់ពាក្យណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ៣ (ទល់មុខផ្សារទំនើបអ៊ីអន១ ក្រោយធនាគារABC) ផ្លូវបេតុងកែងផ្លូវព្រះសុធារស ក្រុមទី៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីនារីរងគ្រោះឈ្មោះ លីលី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើល (NAGA World) ស្នាក់នៅក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ “ខេមប៉ុស្តិ៍” ឲ្យដឹងថា មុនកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-4588 ចេញពីធ្វើការនៅណាហ្គាវើល ហើយយកស្បែកជើងមកអោយមិត្តភ័ក្តិរបស់នាង ដែលស្នាក់នៅផ្ទះជាន់លើជាចំណុចកន្លែងកើតហេតុ ហើយបានទុកម៉ូតូនៅចំណុចមាត់ច្រកចេញចូលជាន់ផ្ទាល់ដី ដោយបានចាក់សោក ជាប់ត្រឹមត្រូវ រួចហើយយកស្បែកជើងឡើងទៅឲ្យមិត្តភ័ក្តិរបស់នាង នៅជាន់ខាងលើ មួយសន្ទុះក្រោយមក រូបនាងក៏បានចុះមកជាន់ក្រោមវិញ លុះពេលចុះមកវិញ មិនឃើញម៉ូតូរបស់ខ្លួន ទើបប្រញាប់សួរមើលអ្នកជិតនោះដែរ តែគេប្រាប់ថា ទើបឃើញម៉ូតូ Suzuki Let's ជិះចេញទៅមុននេះដែរ តែមិនចាំថា ជិះប៉ុន្មាននាក់ទេ ទើបដឹងថាមានជនមិនស្គាល់មុខ មកធ្វើសកម្មភាពលួចកាច់សោ.ក យកម៉ូតូរបស់ខ្លួនជិះទៅបាត់ហើយ ទើបរូបនាងរកអ្នកនៅជិតនោះជួយជូនទៅដាក់ពាក្យណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។
បន្ទាប់មកនារីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីអោយជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្រោយពីទទួលពាក្យបណ្ដឹងរួចហើយ សមត្ថកិច្ចនាំនារីរងគ្រោះទៅចង្អុលកន្លែងកើតហេតុ រួចអនុញ្ញាឲ្យត្រឡប់ទៅផ្ទះវិញ ទុកឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់៕







