header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណះការនិងដឹកជញ្ញូនបាន ក្រើនរំឭកឱ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងធ្វើការងារ បម្រើប្រជារាស្ត្រ និងប្រកាន់ខ្ជាប់នូវ អភិក្រមទាំង៥ និងអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកចក្រកម្ពុជាអោយបានខ្ជាប់ខ្ជួន។

ការក្រើនរំឮកនេះ បានធ្វើឡើងកាលពី  រសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ខណះ លោក បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណ១១០នាក់។

ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីបង្កើនសាមគ្គីភាព រវាងមន្ត្រី និងថ្នាក់ដឹកនាំឱ្យកាន់តែរឹងមាំថែមទៀត ក្នុងនាមជាមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅបង្កើនផលិតភាពការងារជូនជាតិមាតុភូមិអោយកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលនានា ដែលកើតចេញពីផែនការ១០០ថ្ងៃ ដែលក្នុងនោះរួមមាន៖ ការដាក់ដំណើរការសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវខូច និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ជាដើម។

លើសពីនោះទៀត លោក ទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនពីគម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្ត លើការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់គុណភាព និងពង្រីកផ្លូវពី២គន្លង ទៅ៤គន្លង និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ គម្រោងសាងសង់ស្ពានមួយចំនួនក៏ដូចជាកំបង់ផែរទឹកជ្រៅនៅខេត្តព្រះសីហនុ ដោយហេតុថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់រួបរួមសាមគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

លោកទេសរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ធិបតិន្ទ ថ្នាក់សេនា និងថ្នាក់អស្សរិទ្ធិ ជូនមន្ត្រីឆ្នើមនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post