header ads

Sponsor

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលុបបំបាត់ការនាំចេញឈើ និងឈើកែច្នៃគ្រប់ប្រភេទទៅក្រៅប្រទេស តាមច្រកព្រំដែននានា។

ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃឈើ។

សម្តេចបញ្ជាក់ថា “ត្រូវបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាតឲ្យមានប្រសិទ្ធភាព និងតម្លាភាព”។

ក្នុងឱកាសនោះដែរ សម្តេចបានជំរុញបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល តាមបរិការណ៍កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។

នាយករដ្ឋមន្រ្តី ក៏បានជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេររបស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាគ្នា អំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នាទីស្តីការក្រសួងមមហាផ្ទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post