header ads

Sponsor

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានសិទ្ធិធ្វើនយោបាយឡើងវិញមួយរូប បានស្នើសុំធ្វើជាមន្ត្រីបម្រើ​ការងារនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នេះជាលើកដំបូងហើយ ដែលអតីតមន្ត្រីបក្ស​ប្រឆាំង បានស្នើសុំផ្ទាល់ទៅកាន់រាជរដ្ឋាភិបាលដើម្បីបម្រើ​ការងារក្នុងក្រសួងបែបនេះ ខណៈមន្ត្រីរបស់បក្សប្រឆាំងមួយចំនួនទៀតគ្មានសិទ្ធិ ធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លោក គង់ បូរ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាកូនប្រុសលោក គង់ គាំ បានសរសេរលិខិតមួយច្បាប់ដាក់​ជូនលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ ដើម្បីសុំចូលបម្រើការងារនៅក្នុងក្រសួងកសិកម្ម។

លិខិតរបស់លោក គង់ បូរ៉ា ចេញផ្សាយកាលពីថ្ងៃទី៧ មីនា ឆ្នាំ២០១៩ បានលើកឡើងថា តាមរយៈលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយករដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមលោករដ្ឋមន្ត្រីជ្រាប «ខ្ញុំ​បាទបានបញ្ចប់តួនាទីជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងចំនួ​ន២នីតិកាល (នីតិកាលទី៤ និងទី៥) ហើយទើបរួចពីមម្រាបធ្វើនយោបាយកាលពីខែមករា ឆ្នាំ២០១៩ ថ្មីៗ ដូចនេះខ្ញុំបានសូមគោរពស្នើសុំចូលបម្រើការងារជាមន្ត្រីរាជការ នៃនាយករដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល ទៅតាមភាពអនុគ្រោះរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់កាលៈទេសៈ។

សូមជម្រាបថា ការសុំធ្វើជាមន្ត្រីរាជការរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈកាលពីពេលថ្មីកន្លងមក ឲ្យអតីតអុ្នកនយោបាយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ក្នុងការធ្វើនយោបាយរយៈពេល ៥ឆ្នាំ ប្រញាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ បើមិនដូច្នេះទេ ទ្វារផ្តល់សិ ទ្ធិនយោបាយ អាចនឹងត្រូវបញ្ចប់មុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យក៏បានអំពាវនាវដល់ក្រុម កឹម សុខា និយម រួមទាំងកូនស្រីលោក កឹម សុខា គួរប្រញាប់ដាក់ពាក្យសុំសិទ្ធិនយោបាយផងដែរ។

គួរបញ្ជាក់ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៣នាក់ ត្រូវបានព្រះមហាក្សត្រព្រះរាជទានផ្តល់សិទ្ធិនយោបាយឡើងវិញ ក្នុងចំណោម១១៨នាក់ ដែលត្រូវតុលាការកំពូលហាម ឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post