header ads

Sponsor

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុនៅដើមរដូវវស្សាឆ្នាំ២០១៩នេះ ដែលអាកាសធាតុអាចឡើងកម្តៅកាន់តែខ្លាំង ថែមទាំងមានភ្លៀង ខ្យល់កន្រ្តាក់ និងរន្ទះកើតឡើងច្រើន។

ការបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបាន ការព្យាករណ៍ឲ្យដឹងថា ឧតុនិយមអន្តរជាតិ តំបន់ និងឧតុនិយមរបស់ប្រទេសកម្ពុជាផ្ទាល់ បានសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងកម្រិតសីតុណ្ហភាពនៅលើសមុទ្រចិនខាងត្បូង ថា បាតុភូត EI Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្ដប់លើផ្នែកជាច្រើន នៃពិភពលោក និងតំបន់។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចំពោះប្រទេសកម្ពុជា នៅដើមរដូវវស្សាឆ្នាំ២០១៩នេះ នឹងបន្តទទួលរងនូវឥទ្ធិពលបាតុភូត EI Nino ក្នុងកម្រិត៦០ភាគរយ និង៤០ភាគរយទៀត ទទួលរងឥទ្ធិពលពីបាតុភូតអន្តរកាល (បាតុភូតដែលនៅចន្លោះ រវាងEI Ninoនិង La Nina )។

ប្រភពបន្តថា បើក្នុងក្របខ័ណ្ឌទូទាំងប្រទេសវិញ សីតុណ្ហភាពអតិបរិមាមធ្យម ស្ថិតក្នុងរង្វង់ពី៣៦ទៅ៣៨អង្សាសេ។ ប៉ុន្តែនៅក្នុងខែមេសា និងខែឧសភានេះ ធាតុអាកាសនិងមានសភាពក្តៅហួតហែងខ្លាំង ហើយពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០ទៅ៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ និងតំបន់ខ្ពង់រាបភាគខាងជើង អាចនឹងមានភ្លៀងកក់ខែ ដែលបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនឲ្យបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងការជួយយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះនិងខ្យល់កន្ត្រាក់នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post