header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋជាង១០គ្រួសារ បានលើកម្រាមដៃដប់អំពាវនាវដល់សម្ដេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៌ដោះស្រាយបញ្ហា អ្នកមានអំណាចម្ចាស់ដីឡូតិ៍​មួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរំលោតបោះបង្គោលធ្វើរបងបិតផ្លូវសាធារណៈមិនឲ្យ​ប្រជាពលរដ្ឋដើរឆ្លងកាត់ចេញចូលឡើយ​។

តាមការបញ្ជា​ក់ពីប្រជាពលរដ្ឋ បានឲ្យ​ដឹងថា ម្ចាស់​ដីឡូតិ៍ខាងលើនេះ ល្បីថា ជាអ្នកធំ អ្នកមានអំណាច មានចេតនាចង់បានហួសហេតុ ព្យាយាមសាងសង់របងគ្រឹះរឹង ម្តងហើយម្តងទៀត មកលើដីផ្លូវសាធារណៈ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋពេញភូមិ នាំគ្នាបះបោររារាំងមិនឲ្យ​ធ្វើ ព្រោះវាប៉ះពាល់ផ្លូវសាធារណៈ។ កន្លងមកប្រជាពលរដ្ឋ ក៏ធ្លាប់​បានរាយការណ៍ទៅថ្នាក់ភូមិ រហូត​ដល់លោកអភិបាលខណ្ឌ ហើយឮតែដោះស្រាយជូន ប៉ុន្ដែមិនដែល​ឃើញរកដំណោះស្រាយជូនប្រជាពលរដ្ឋទាល់តែសោះ ឬក៏​លោកអភិបាលថ្មី ដែលទើបមកកាន់មិនហ៊ានជាមួយអ្នកមានអំណាច ជាម្ចាស់ដីនោះ ឬក៏​លោកត្រូវថ្នាំងងុយដេកគេហើយ ឯណាទៅភូមិឃុំមានសុវត្ថិ​ភាព៩ចំណុច?

ប្រជាពលរដ្ឋបន្ថែមទៀតថា រឿងនេះមិនមែនតែមួយលើកនោះទេ គឺ​ច្រើនលើកច្រើនសារមកហើយ រឿងរំលោភយកដីផ្លូវធ្វើជា​ប្រយោជន៍ផ្ទាល់ខ្លួន តាមផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយកាលពី​ព្រឹកថ្ងៃទី១១ ខែមី​នា ឆ្នាំ២០១៩ ជាថ្មីម្ដង​ទៀត ម្ចាស់ទីតាំង បាន​ឲ្យជាងសាងសង់របងបេតុងគ្រឹះរឹងមាំមកលើផ្លូវសាធារណៈ។

គួររំលឹងផងដែរថា ទីតាំងផ្លូវ១៩៩០នេះ កន្លងមកសាលាខណ្ឌក៍​ដូចជា​ភូមិបាលខណ្ឌសែនសុខ បានដាក់ម៉ាស៊ីនវាស់វែងដីធ្លី(LMP)ចុះវាស់វែងរួចហើយ ដោយមានផ្លូវទំហំទទឹងចំនួន ១០ម៉ែត្រ ស្រាប់តែព្រឹកថ្ងៃទី១១ មីនា ម្ចាស់ដីឡូតិ៍​ខាងលើ មកធ្វើរបងរឹងមាំបម្រុងរំលោភយកទៅវិញ។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូម​ពរដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដោះស្រាយបញ្ហាខាងលើ​នេះជូនប្រជាពលរដ្ឋផង ដើម្បីឲ្យ​ប្រជាពលរដ្ឋបានរស់នៅដោយមានសេចក្ដីសុខ និងមានផ្លូវសាធារណៈដើរចេញដើរចូលទៅផ្ទះធម្មតាដូចដើមវិញផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post