header ads

Sponsor

ភ្នំពេញៈ ក្រោយពីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនអ្នកឧកញ៉ា គិត ធាង មកតុលាការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សំណុំរឿងនេះ សមត្ថកិច្ចកំពុងតែមានមមាញឹក ក្នុងការធ្វើការងារនេះហើយ។

មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបទ្រង់ទ្រាយធំ កាលពីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ និងគ្រឿងញៀនជិត៥០គីឡូក្រាម ។

អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១១ មីនា តាមដីការបស់តុលាការ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីកម្ទេចចោល ផលិតផលក្លែងក្លាយ ជាង៧០តោន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង ថា “រឿងនេះ(គិត ធាង) ទុកឲ្យសមត្ថកិច្ចធ្វើការ ។ រឿងទាំងឡាយហ្នឹងទុកឲ្យសមត្ថកិច្ចធ្វើការ ។ ឥឡូវយើងដឹងត្រឹមថា គាត់មានអាជ្ញាប័ណ្ណម្ចាស់រ៉ុក ចឹងហើយយើងកំពុងធ្វើការរឿងហ្នឹង។ ឯរឿងជាក់ស្ដែងម៉េចទៀត អាហ្នឹងចាំថ្ងៃក្រោយ”។

សម្ដេចបន្ដថា ករណីមជ្ឈមណ្ឌលកម្សាន្តរ៉ុក មិនមែនជារឿងធម្មតានោះទេ គឺជារឿងធំ ពីព្រោះចាប់បានគ្រឿងញៀន​ ៥០គីឡូក្រាម ដូច្នេះបើមិនបង្ក្រាបករណីនេះទេ តើសង្គមកម្ពុជានឹងទៅជាយ៉ាងណា? ពីព្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារបញ្ហាទាំងនេះមានជាច្រើន។

ពាក់ព័ន្ធគ្រឿងញៀននេះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានរំលឹកថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រហូតមកដល់នេះ មានរយៈពេល២ឆ្នាំហើយ ក្នុងនោះបានរឹបអូសគ្រឿងញៀនជាង៥០០គីឡូ។

ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង ក៏ឲ្យភាគីពាក់ព័ន្ធ ហៅម្ចាស់ក្លឹបកំសាន្ត សណ្ឋាគារ អាហារដ្ឋានធំៗ មកចុះកិច្ចសន្យា ដើម្បីការពារនៅកន្លែងរបស់ខ្លួន។ បើសិនកន្លែងណាមួយ ប្រើប្រាស់គ្រឿងញៀន ម្ចាស់ហាងត្រូវតែទទួលខុសត្រូវខ្ពស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post