header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីសវនាការសួរដេញដោលជាច្រើនលើកច្រើនសារ លើជនជាប់ចោទក្នុងសំណុំរឿងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រួចមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រម ទៅរសៀលថ្ងៃទី២៦ ខែមីនាខាងមុខនេះ។ ជាការកត់សម្គាល់ សវនាការជាច្រើនលើកកន្លងមកនេះ ស្ទើរតែគ្មានវត្តមានរបស់ជនជាប់ចោទ ថោង សារ៉ាត់ សោះឡើយ ដោយសវនាការខ្លះ ក៏ត្រូវចៅក្រមបញ្ជាឲ្យនាំជនជាប់ចោទចេញពីបន្ទប់ ខណៈលោក ថោង សារ៉ាត់ យំបង្កការរំខានដល់អង្គសវនាការ។

សវនាការនាពេលកន្លងមក តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ ទី១.ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន៩៩៩ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ទី២.ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣.ឈ្មោះ លី សៅ ហៅ វី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។ ទី៤.ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ, ទី៥.ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦.ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ទោះជាយ៉ាងណា ជនជាប់ចោទទាំងអស់ បានបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ចំណែកជនជាប់ចោទ ថោង សារ៉ាត់ គឺពុំដែលបានចូលខ្លួនមកឆ្លើយបំភ្លឺក្នុងសវនាការទេ ដោយយកលេសពីបញ្ហាសុខភាពជារៀងរហូត។

សូមរំឭកថា ជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក។

ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន ត្រូវជាឪពុក និងឈ្មោះ កែវ សារី ត្រូវជាម្តាយ ក៏ធ្លាប់ត្រូវបានលោក ឃី ឆៃ ចៅក្រមសាលារាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន៦លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

ចំពោះសំណុំរឿងឃាតកម្ម បើតុលាការរកឃើញថា អតីតឧកញ៉ា ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការ នោះក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post