header ads

Sponsor

ស្វាយរៀងៈ ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំហាមឃាត់ និងទប់ស្កាត់ការនាំជ្រូករស់ចូលពីប្រទេសជិតខាង ហើយខណៈប្រទេសវៀតណាម កំពុងផ្ទុះជំងឺដ៏កាចសាហាវលើសត្វជ្រូក រហូតអាជ្ញាធរវៀតណាម សម្រេចសម្លាប់ជ្រូកអស់រាប់រយពាន់ក្បាលនាពេលថ្មីៗយ៉ាងណាក៏ដោយ ក៏នៅតែមានការនាំជ្រូករស់ចូលកម្ពុជាដដែល។ ការនេះ ត្រូវគេកត់សម្គាល់ឃើញថា ជាការធ្វេសប្រហែសរបស់សមត្ថកិច្ចគ្រប់គ្រងនៅតាមព្រំដែន ដែលបណ្ដែតបណ្ដោយ ឬឃុបឃិតជាមួយឈ្មួញទុច្ចរិត ដើម្បីផលប្រយោជន៍ចូលហោបៅខ្លួន បើកដៃឲ្យចូលតែម្ដង។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើការឃាត់រថយន្តកូរ៉េមួយគ្រឿង មានដឹកជ្រូករស់ចំនួន១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាម ចូលមកទឹកដីកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែនខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូលទៅទឹកដីខេត្តព្រៃវែង។

អ្នកបើករថយន្តដឹកជ្រូក ដែលត្រូវសមត្ថកិជំនាញឃាត់បាននោះ បានប្រាប់ឲ្យដឹងថា គាត់មិនមែនជាម្ចាស់ជ្រូកទេ គាត់គ្រាន់តែរកស៊ីដឹកជ្រូកឲ្យគេប៉ុណ្ណោះ ដោយក្នុងមួយក្បាលឈ្នួលដឹក៣ម៉ឺនរៀល ហើយម្ចាស់ជ្រូកនៅស្រុកមេសាង ខេត្តព្រៃវែង ដែលមានឈ្មោះ រ៉ា និងឈ្មោះ សៅ គេឲ្យដឹកឲ្យគេ។ អ្នកដឹកជ្រូករូបនេះ បន្តទៀតថា នៅមានរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដែលចូលដឹកជ្រូករស់តាមច្រកទ្វារតំបន់ព្រំដែនខ្សែដែកនេះ ដោយបង់លុយឲ្យខាងនគរបាលឈរជើងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ក្នុងមួយរថយន្ត៣ម៉ឺនរៀល និងទាហាន២ម៉ឺនរៀល ក្រៅពីនេះគ្មានបង់អ្វីទៀតទេ។

ពាក់ព័ន្ធការឃាត់រថយន្តដឹកជ្រូកខាងលើនេះ លោក ណាង មន្ត្រីពេទ្យសត្វ ឲ្យដឹងថា ការចុះឃាត់រថយន្តដឹកជ្រូកនេះ ធ្វើឡើងនៅចំណុចខាងជើងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន ចម្ងាយ៣០០ម៉ែត្រ ដោយចេញច្រកទ្វារតំបន់ព្រំដែនខ្សែដែក។

ដោយឡែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ថាច់ រតនា ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ថា សមត្ថកិច្ចជំនាញរបស់លោក បានធ្វើការឃាត់រថយន្តដឹកសត្វជ្រូករស់ចំនួន១៨ក្បាល យកមករក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីអនុវត្តបច្ចេកទេសបូមឈាមជ្រូកទាំងអស់នោះ យកទៅពិសោធនៅរាជធានីភ្នំពេញ។ លោកបន្តថា បើបូមឈាមសត្វជ្រូកទាំងនោះ យកទៅពិសោធ ហើយបើរកឃើញថា មានជំងឺនោះ ត្រូវតែកម្ទេចចោលតែម្តង តែបើគ្មានជំងឺ គឺធ្វើការផាកពិន័យតាមផ្លូវច្បាប់។

ប្រធានមន្ទីររូបនេះ គូសបញ្ជាក់ផងដែរថា បើតាមគោលការណ៍របស់ក្រសួងកសិកម្ម គឺដាច់ខាតបិទទាំងស្រុងមិនអនុញ្ញាតឲ្យនាំសត្វជ្រូកចូលមកប្រទេសកម្ពុជាទៀតទេ ដោយសារប្រទេសវៀតណាម កំពុងតែផ្ទុះជំងឺដ៏កាចសាហាវនៅលើសត្វជ្រូក និងអាចឆ្លងមកមនុស្ស។

សូមជម្រាបថា ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់អ្នករកស៊ីដឹកសត្វជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយបង់ប្រាក់ជូនសមត្ថកិច្ចឈរជើងនៅតាមច្រកទ្វារតំបន់ព្រំដែនខ្សែដែកខាងលើ អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោកមេប៉ុស្ដិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post