
កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត LEXUS មួយគ្រឿង បើកលឿន រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តស៊ឺរ៉ែនរបស់មន្ត្រីអាវុធហត្ថ កំពុងបើកនាំក្បួន ប្រតិភូវៀតណាម បណ្តាលឲ្យរថយន្ត៣គ្រឿងបុកតគ្នា ក្នុងនោះមានរថយន្តប្រតិភូមួយគ្រឿងផងដែរ ទទួលរងខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៣១-៣២ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-1057 បើកបរដោយឈ្មោះ វ៉ាន់ ថុង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកសិកម្មខេត្តកោះកុង មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន ក្រុងភ្នំពេញ បានបើកពីកើតទៅលិច ដល់ចំណុចខាងលើ បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក 4RUNER ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខខេមរភូមិន្ទ 09 2-4282 ជារថយន្តស៊ីរ៉ែនរបស់អាវុធហត្ថខេត្តកោះកុង បើកបរដោយឈ្មោះ គឹម ឌីណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកងរាជអវុធហត្ថ ក្នុងនោះមានអ្នករួមដំណើរ២នាក់ទៀត ឈ្មោះ សុខ សារឿន មន្ត្រីអាវុធហត្ថ របួសស្រាល ,ឈ្មោះ ឆុន ឆៃយ៉ា មន្ត្រីអាវុធហត្ថ របួសស្រាល ។
ចំណែករថយន្តប្រតិភូ ម៉ាក FORTUNER ពណ៌កណ្ដុរប្រម៉េះ ពាក់ស្លាកលេខ 69A00-251 ជារថយន្តប្រតិភូវៀតណាម បានបុកតពីក្រោយរថយន្តស៊ឺរ៉ែនរបស់អាវុធហត្ថ ពុំមានរងរបួសឡើយ បានជិះទៅជាមួយរថយន្តក្បួនទាំងអស់ពុំបានស្គាល់ឈ្មោះនោះទេ៕

