header ads

Sponsor

ភ្នំពេញៈ គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់មិត្តភាពកម្ពុជា ជប៉ុន មកដល់ពេលនេះ ស្ថាបនាសម្រេចបាន១០០ភាគរយហើយ គ្រោងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឈឹម ផល្លា ប្រធានយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ​ថា ក្រុមការងារជំនាញទំាងជប៉ុន និងកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសម្រុកការជួសជុលគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ទំាងយប់  ទំាងថ្ងៃ ដើម្បីពន្លឿនឲ្យចប់មុនផែនការ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

ការសម្រុកការជួសជុលគម្រោងកែលម្អស្ពាននេះ ខណៈស្ពានជ្រោយចង្វារថ្មីមានចរាចរមមាញឹកខ្លំាង ប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ពិសេសការសម្រួលចរាចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលប្រជាពលរដ្ឋធ្វើចរចរចេញទៅស្រុកកំណើតមិនប្រឈមការកកស្ទះ។

លោកថា តាមបច្ចេកទេសគម្រោងកែលម្អស្ពាននេះ បានសាងសង់ទម្រស្ពានថ្មី ជួសជុលផ្នែកកណ្តាលស្ពានឆ្លងកាត់ទន្លេ និងកែលម្អគល់ស្ពានទាំងសងខាង។ ស្ពាននេះមានប្រវែង៧០៩ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ រដ្ឋាបាលជប៉ុន ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលក្នុងកំឡុងទស្សវត្សទី៧០ស្ពាននេះ ត្រូវបានទទួលរងការខូចខាតទាំងស្រុង ហើយរហូតដល់ឆ្នាំ១៩៩២ ទើបជួសជុលស្តារឡើងវិញ។

មន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា​បានអោយដឹងថា គម្រោងជួសជុលស្តារឡើងវិញស្ពានជ្រោយចង្វារទី១ បានធ្វើឡើងដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ។ ស្ពានជ្រោយចង្វារនេះមាន សារៈសំខាន់ណាស់សម្រាប់រថយន្តធន់ធ្ងន់ឆ្លងកាត់និងដឹកជញ្ជូនទំនិញ និងជាច្រករបៀងសេដ្ឋកិច្ចដោយតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តចំនួន៩ភាគខាងជើងប្រទេស។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់មិត្តភាពកម្ពុជា ជប៉ុនឡើងវិញនេះ ប្រើរយៈពេលពេល២២ខែ ដោយត្រូវចំណាយថវិការហូតដល់ជាង៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post