
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចលុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្រោយកម្លាំងមានសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃតី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានរកឃើញគ្រឿងញៀនចំនួន៤៨.៨១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣១១នាក់ (ស្រី៥៦នាក់)។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្តរ៉ុក មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអ្នកណាក៏ស្គាល់ដែរថា ជារបស់ឧកញ៉ា គិត ធាង។
យោងតាមកិច្ចសន្យា របស់លោក គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក បានសន្យាចំពោះ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ថា ១ មិនអនុញ្ញាឲ្យមានការផលិតជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងអាជីវកម្ម របស់ខ្លួន។ ២ ត្រូវចូលរួម សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងរាយការណ័ជាបន្ទាន់ ក្នុងករណីសង្ស័យ មានការផលិត ចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅក្នុងទីតាំង អាជីវកម្មរបស់ខ្លួន ។៣ អនុវត្តតាមកិច្ចសន្យា ដែលបានសន្យា ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ពេលសុំបើកអាជីវកម្ម របស់ខ្លួន។
ក្នុងករណីលោក មិនអនុវត្តតាម សុខចិត្តទទួលខុសត្រូវ តាមច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត៕


