header ads

Sponsor

ភ្នំពេញៈ ថៅកែប្រុសផ្សារអារ៉ូណា លោក ពេជ្រ ច័ន្ទធី បន្ទាប់ពីអតីតប្រពន្ធ គឺលោកស្រី ទេស សុវណ្ណារី បានដាក់ពាក្យបណ្តឹងលែងលះ និងទាមទារចែកទ្រព្យសម្បត្តិ ខណៈត្រូវបានតុលាការកំពូល លើកយកមកជំនុំជម្រះជាសាធារណៈ កាលពីដើមខែមីនាកន្លងមកនេះ បានសម្រេចបញ្ចេញវិដេអូពីទង្វើរបស់ប្រពន្ធ ដែលលោកថា ជាឆាកល្ខោន។

លោក ពេជ្រ ច័ន្ទធី បានរៀបរាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ថា ក្រុមហ៊ុនអារ៉ូណា ខបភើរេសិន ភីធីអ៊ី អិលធីឌី បង្កើតក្នុងឆ្នាំ២០០១ ហើយលោក និងភរិយា រៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ នៅខែមេសាឆ្នាំ២០០២។ បន្ទាប់ពីភាគីប្រពន្ធ ប្តឹងលែងលះ កាលពីឆ្នាំ២០១៥ នាងតែងតែតាមរករឿង បង្កជាបញ្ហានាំបក្ខពួកមកអុកឡុកដល់ក្នុងផ្សារអារ៉ូណា ស្ទើររាល់សប្តាហ៍។ មិនតែប៉ុណ្ណោះ គាត់បាននាំប៉ូលិសសប៉ុស្តិ៍ និងចៅសង្កាត់ទឹកល្អក់ទី១ មួយក្រុម ឡើងលើផ្ទះក្នុងគោលបំណងចាប់លោកដាក់គុក ដោយគ្មានដីកាតុលាការ ដោយចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ ខណៈដែលលោកស្រី ទេស សុវណ្ណរី បាននាំប្រុសថ្មីមកពីខាងក្រៅមកជាមួយទៅវិញ។

ថៅកែផ្សារអារ៉ូណា លោក ពេជ្រ ច័ន្ទធី បន្តទៀតថា រំលងបានមួយសប្តាហ៍ បែរជាប្តឹងរឿងលោកលួចលុយជាង៣លានដុល្លារ តែរកភស្តុងតាងមិនឃើញ សាលាដំបូងមិនចាត់ការតាមបណ្តឹងឡើយ។ ក្រោយមកទៀត អតីតប្រពន្ធរូបនោះ បាននាំមនុស្សមួយក្រុម មកបង្កការអុកឡុកក្នុងផ្សារអារ៉ូណា វាយដំលោក ដើម្បីរកកំហុសសម្រាប់ដាក់បន្ទុកបន្ថែម តែលោកមិនបានតដៃនោះទេ គឺអត់ធ្មត់ដើម្បីកូនទាំងពីរ ដែលមួយជាកូនប្រុសប្តីមុនរបស់លោកស្រី សុវណ្ណារី និងកូនប្រុសម្នាក់ទៀត គឺកូនជាមួយនឹងលោក។

ក្នុងការបង្កើតមុខរបរ បើកក្រុមហ៊ុនខាងលើ លោកបញ្ជាក់យ៉ាងច្បាស់ថា លោក និងអតីតប្រពន្ធ បានខ្ចីលុយធនាគារចំនួន២ម៉ឺនដុល្លារ សម្រាប់បើកក្រុមហ៊ុន និងផ្សារទំនើបខ្នាតតូច ដែលមានទីតាំងនៅអតីតសណ្ឋាគាររីហ្គេល មានទំហំ១០០ម៉ែត្រការ៉េ។ ឯទំនិញបានទិញជំពាក់ក្រុមហ៊ុនរយៈពេល៣ខែ ទើបសងវិញ កាលណោះមានការលំបាកខ្លាំង ដោយយើងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់សងបំណុលក្រុមហ៊ុនវិញ ត្រូវបានក្រុមហ៊ុនប្តឹងទៅចៅសង្កាត់ដេប៉ូ៣។ មិនដូចអ្វី ដែលលោកស្រី ទេស សុវណ្ណារី រៀបរាប់ថា បានលក់ដី២ឡូតិ៍ ដើម្បីបង្កើតហាងនោះទេ។

ជាមួយគ្នានេះ លោក ពេជ្រ ច័ន្ទធី ក៏បញ្ជាក់ថា "លោកអ្នកអាចស៊ើបមើលថា តើនាង ទេស សុវណ្ណារី មានប្រវត្តិបែបណាបានសំបូរលុយម៉េស? រហូតដល់សព្វថ្ងៃ លោក ពេជ្រ ច័ន្ទធី នៅជំពាក់បំណុលធនាគារ៣០មុឺនដុល្លារ និងបំណុលក្រុមហ៊ុន ដែលបានដាក់ទំនិញឲ្យជំពាក់ចំនួន៣៥មុឺនដុល្លារបន្ថែមទៀត។ បំណុលនេះ គឺដោយសារនាង ទេស សុវណ្ណារី ជាអ្នកទុកដាក់ប្រាក់ ដែលខ្ចីធនាគារ និងមិនទាន់សងក្រុមហ៊ុនទំនិញ"។ បំណុលទាំងអស់នេះ លោកកំពុងតែដោះសងគេវិញ ជារៀងរាល់ខែ។

លោក ពេជ្រ ច័ន្ទធី បានរៀបរាប់ ពីលោកស្រី សុវណ្ណារី បានធ្វើបាបកូនប្រុសបង្កើតរបស់ខ្លួនថា ដោយរកអ្វីចាប់កំហុសពីលោកមិនបាន ក៏បានប្តឹងខាងប៉េអឹម បានចាប់កូនម្តងជាពីរដង ចាប់វាយខ្នោះដូចអ្នកទោសដល់ក្នុងផ្ទះយកទៅដាក់ក្នុងមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តតាកែវ។ ឃើញដូចនេះ លោកមានការឈឺចាប់ និងអាណិតកូនជាអណេក លោកក៏បានតាមរកទម្រាំឃើញរហូតដល់បីបួនថ្ងៃក្រោយមក ទើបដឹងថា នៅឯណា។ គោលបំណងរបស់់លោកស្រី ទេស សុវណ្ណារី គឺបំផ្លាញ ឬកម្ទិចគ្រួសារមួយនេះឲ្យខ្ទេចខ្ទីអស់ ហើយយកប្រុសថ្មីមករស់នៅទីនោះ លោកឈឺចាប់ណាស់។

ដោយឡែក ចំពោះកូនប្រុសបង្កើតរបស់លោកស្រី ទេស សុវណ្ណារី ដែលមិនមែនជាកូនបង្កើតរបស់លោក ពេជ្រ ច័ន្ទធី ក៏បានថ្កោលទោសម្តាយ និងធ្វើជាសាក្សី ព្រមទាំងយល់ដឹងចំពោះអំពើល្អរបស់លោក ដែលជាឪពុកក្រោយផងដែរ។

លោក ពេជ្រ ច័ន្ទធី បានសំណូមពរដល់កូនទាំងពីរនេះ កុំមានការបកអាក្រាតម្តាយខ្លួនតាមបណ្តាញសង្គមធ្វើអ្វី ព្រោះអាចរងការរិះគន់ថា ជាកូនអកត្តញ្ញូ។ អ្វីដែលនឹកស្មានមិនដល់នោះ លោក និងកូនទាំងពីរ មានគម្រោងរួមគ្នាធ្វើលិខិតស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំការលើកលែងទោសដល់ភរិយា និងម្តាយរបស់កូនៗផងដែរ នៅពេលដែលបញ្ចប់រឿងក្តីមួយនេះ។

លោក ពេជ្រ ច័ន្ទធី នៅបន្ថែមទៀតថា លោកមានខ្សែវិដេអូ CCTV ជាច្រើន ដែលបញ្ជាក់ពីប្រពន្ធលោក និងបេឡាករ បានលួចយកលុយចេញពីកេស មានឯកសារជាច្រើនទៀត ដែលប្រពន្ធលោកខ្ចីបុលគេ ដោយមិនដឹងយកលុយទៅណា បែរជាបន្សល់ទុកឲ្យលោកជាអ្នកសងគេមកដល់ថ្ងៃនេះ។

ក្នុងទឹកមុខស្រងូតស្រងាត់ លោក ច័ន្ទធី បន្តបង្ហាញថា “រូបភាពដែលនាង នាំប្តីក្រោយទី៤ ដែលជាមន្ត្រីប៉េអឹម ចង់ឡើងទៅលើផ្ទះ មានទាំងកាំភ្លើងនៅនឹងចង្កេះផង ក្នុងបំណងមកគំរាមខ្ញុំប្លន់យកទ្រព្យសម្បត្តិ ដែលវាបានលួចជញ្ជូនមិនទាន់អស់។ ទង្វើនេះ គឺក្នុងគោលបំណងមកថតសកម្មភាពល្បិចមួយ ដែលនាងសម្តែងឆាកល្ខោន ដើម្បីចាប់ខ្ញុំដាក់គុក ដោយប្តីក្រោយនោះ បានពាក់វ៉ែនតាកាមេរ៉ាវីដេអូសំរាប់ថតយកសកម្មភាព ហើយនាង ទេស សុវណ្ណារី បានវ៉ៃខ្ញុំជាច្រើនដៃ ដើម្បីឲ្យខ្ញុំតបតទៅគេថតសកម្មភាពហ្នឹងយកទៅដាក់តុលាការ ប្តឹងខ្ញុំពីបទប្រើអំពើហឹង្សារលើស្ត្រី តែខ្ញុំដឹងគំរោងរបស់វា ទើបខ្ញុំបណ្តេញអាប្តីទី៤ របស់វាចេញទៅក្រៅហាង វាខឹងខ្លាំងណាស់ ព្រោះមិនបានសំរេចបំណងវា”

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ របស់ប្រធានផ្សារអារ៉ូណា លោក ពេជ្រ ច័ន្ទធី ដែលចោទប្រកាន់ប្រពន្ធបែបនេះ អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបកស្រាយបានទេ ពីលោកស្រី ទេស សុវណ្ណារី នៅថ្ងៃទី១៣ ខែមីនានេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post