
កំពង់ស្ពឺៈ ស្ត្រីម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាប្រពន្ធរបស់មន្ត្រីនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្តកំពង់ស្ពឺ និងសាច់ញាតិម្នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូ១គ្រឿង ហើយត្រូវបានរថយន្តធុនធំដឹកទំនិញ(អំពៅ) បើកលឿនដោយយុវជនម្នាក់ជាតៃកុងស្ទើរភ្លើងចូលចំណែកផ្លូវខាងម៉ូតូទាំងបំពាន បុកកិនពេញទំហឹងអូសធ្លាក់ផ្លូវជាតិតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១ទៅលេខ៥២ ស្ថិតនៅក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីមន្ត្រីនគរបាលខេត្តមួយរូប បាននិយាយអោយដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដា (ឌ្រីមសង់) សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-1177 បើកបរដោយឈ្មោះ ញ៉ឹម ញ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ ផុន សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ដែលគេស្គាល់ច្បាស់ថា ជាប្រពន្ធរបស់មន្ត្រីនគរបាលបច្ចេកទេសខេត្តកំពង់ស្ពឺ មានឈ្មោះ ខៀវ ថុឃា) មានទីលំនៅភូមិប៉ែលហែល សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកHYUNDAI(ហ៊ីយ៉ាន់ដាយ) ជាប្រភេទដឹកទំនិញធុនធំ(ដឹកអំពៅ) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-9654 បើកបរដោយឈ្មោះ ហន ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកអំពៅកាត់រួច មានទីលំនៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីទិសខាងជើងទៅទិសខាងត្បូង ក្នុងល្បឿនលឿនដូចហោះ បានបើកចូលចំណែកផ្លូវម្ខាងទៀតរបស់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យបុកកិនម៉ូតូចំពេញទំហឹងអូសធ្លាក់ទៅផ្លូវម្ខាង ធ្វើឲ្យស្លាប់មនុស្សទាំង២នាក់តែម្តង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបានរត់គេចខ្លួនបាត់ ប៉ុន្តែបានបន្សល់ឯកសារមួយចំនួនងាយស្រួលដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវស្វែងរកដែរ។
មន្ត្រីនគរបាលដដែលបន្តថា កាលពីពីរថ្ងៃកន្លងទៅក្រុមជនរងគ្រោះជាសាច់ញាតិ បានមកចូលរួមពិធីមង្គលការបងប្អូននៅក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃកើតហេតុនេះ ក្រុមជនរងគ្រោះបានវិលត្រឡប់ទៅកាន់ស្រុកឱរ៉ាល់ ដែលជាកន្លែងប្រកបមុខរបរវិញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤៤ ស្រាប់តែទៅដល់កន្លែងកើតហេតុមានរថយន្តធុនធំ បើកបរក្នុងល្បឿនលឿនបុកកិនក្រុមជនរងគ្រោះពេញទំហឹងតែម្តង។
បើតាមសម្តីប្រជាពលរដ្ឋអ្នកចោមរោមមើលនៅកន្លែងកើតហេតុ ជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពពួកគាត់ធ្វើដំណើររាល់ថ្ងៃ ដោយសារតែក្រុមរថយន្តធុនធំៗទាំងអស់នោះ(រថយន្តដឹកអំពៅដើម និងអំពៅកាត់រួចហើយ) បើកបរដោយតៃកុងក្មេងស្ទាវៗ ក្នុងល្បឿនលឿៗវ៉ាជែងគ្នាមិនគិតពីការបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរនោះឡើយ។ កន្លងមករថយន្តដឹកអំពៅទាំងអស់នោះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររាប់ដងមិនអស់ហើយ រាល់ករណីកើតហេតុតៃកុងរថយន្តតែងតែរត់គេចខ្លួនរហូត។ ដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័មេត្តាជួយចុះពិនិត្យក្រុមរថយន្តដឹកអំពៅនេះផង ជាពិសេសតៃកុងរថយន្តជាប្រភេទក្មេងស្ទាវៗ មេត្តាចុះធ្វើការផ្សព្វផ្សាយអប់រំដល់តៃកុងរថយន្តផង។
លោក ខៀវ ថុឃា មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់អោយក្រុមអ្នកសារព័ត៌មានអោយដឹងថា ប្រពន្ធរបស់លោក និងសាច់ញាតិ រងនូវភាពអយុត្តិធម៌ ដោយរថយន្តធុនធំបើកបុកកិនទាំងបំពានតែម្តង ក្នុងនាមលោកជានគរបាលខេត្តមួយរូប សូមធ្វើការសំណូមពរដល់នគរបាលជំនាញចរាចរណ៍ជួយរកយុត្តិធម៌ដល់ប្រពន្ធនិងសាច់ញាតិលោកផង ពីព្រោះលោកត្រូវបាត់បង់ប្រពន្ធ កូនកំព្រារ២នាក់ថែមទៀតផង។
នគរបាលស្រុកឱរ៉ាល់និយាយថា ចំពោះម៉ូតូជនរងគ្រោះរងការខូចខាត១គ្រឿងទាំងស្រុងតែម្តង(ខូចខ្ទេច)រថយន្តបង្កហេតុ ខូចខាតកំរិតស្រាលនោះទេ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះទាំង២នាក់ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចកំពុងចាត់ចែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយទៀត៕







