header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើ​តឡើ​ង​ តាមរយៈរូបភាព ដែលគួរឲ្យអាណិតទៅលើស្ដ្រីរងគ្រោះ បាននាំឲ្យផ្ទុះការរិះគន់ខ្លាំងពីមហាជន រហូតដល់អ្នកនយោបាយមួយចំនួន ដោយស្ដីបន្ទោស និងទម្លាក់កំហុសទាំងស្រុង ទៅលើអាជ្ញាធរ និងសមត្ថកិច្ច ដែលនៅតែបណ្ដែតបណ្ដោយឲ្យរថយន្ដធុនធំ បើកចូលក្រុងទាំងថ្ងៃ។

បន្ទាប់ពីមានការរិះគន់​យ៉ាងខ្លាំងពីសំណាក់​អ្នកលេងហ្វេសប៊ុកនៅរសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩​ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានមានជ័យ បើកកិច្ចប្រជុំ ពាក់ព័ន្ធនិងឡានធំចូលក្រុងខុសម៉ោង ហាមដាច់ខាតមិនអោយមានបន្តទៀតឡើ​យ​។

ហើ​យនៅល្ងាចថ្ងៃដដែលនេះ​ កម្លាំងនគរបាលខណ្ឌមានជ័យ​ បានធ្វើ​ការ​ឃាត់រថយន្តធុនធំចំនួន៤គ្រឿង​ ដែលនៅតែបំពាន​ បើ​កចូលក្រុងមុនម៉ោងកំណត់​ នៅតាមផ្លូវ៦០ម៉ែត្រ​ ត្រូវបានកម្លាំងឃាត់យកទៅរក្សាទុក​ នៅបរិវេណមុខ​សាលាខណ្ឌមានជ័យ​ ដើ​ម្បីដោះស្រាយ​ព្រឹកស្អែក។

ស្ដ្រីវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអាណោចអាធ័ម ដែលរថយន្ដធុនធំមួយគ្រឿង ដឹកស្ករពេញបានបុក​ហើយកិន ខណៈជិះម៉ូតូជាមួយស្រ្តីម្នាក់ទៀត ដែលកំពុងបើកចេញពីទិញអីវ៉ាន់ នៅផ្សារស្ទឹងមានជ័យថ្មី។

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ ដែលគួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េត និងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ប្រតិកម្មរិះគន់ខាងលើនេះ ត្រូវបានការិយាល័យចរាចរណ៍ផ្លួវគោក បានចេញមកបញ្ជាក់បន្ថែម ជាពិសេសទៅលើចរាចរណ៍រថយន្ដធុនធំ តម្រាយផ្លូវ និងពេលវេលាផងដែរ។

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ជាដំបូង លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារនៃសព ដែលបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដធុនធំ និងម៉ូតូ ប៉ុន្ដែសម្រាប់អ្នកបើករថយន្ដ ត្រូវបានឃាត់ខ្លួនភ្លាមៗ និងកំពុងចាត់វិធានការ​ទៅតាមនីតិវិធី ដោយពុំមានការលើកលែងជាដាច់ខាត។

ទាក់ទិនទៅនឹងមតិរិះគន់ ដែលអាជ្ញាធរ និងសមត្ថកិច្ចនៅតែបណ្ដែតបណ្ដោយ​ឲ្យរថយន្ដធុនធំ​បើកចូលក្រុង លោក សែម គន្ធា បានអះអាងថា កន្លងទៅសាលារាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង ដោយកំណត់ថា រថយន្ដធុនធំទាំងឡាយត្រូវហាមការបើក ចូលក្នុងទឹកដីខណ្ឌចំនួន៤ រួមមាន ៖ ខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌទួលគោក និងខណ្ឌចំការមន ដូច្នេះគ្រោះថ្នាក់ចរាចរណ៍នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យខាងលើនេះ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដូច្នេះមិនមែនជាកន្លែងដែលត្រូវបានហាមឃាត់ ឲ្យរថយន្ដធុនធំធ្វើ ចរាចរណ៍នោះឡើយ។

តែយ៉ាងណាក៏ដោយនោះ នាយការិយាល័យនគរបាលចរាចរណ៍រូបនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមរបស់យើង។

យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្ដ្រីរងគ្រោះឈ្មោះ សុខ សុភ័ណ្ឌ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នកបើករថយន្ដឈ្មោះ ហ៊ីន យុទ្ធា អាយុ២៩ឆ្នាំ ដែលត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការបន្ដទៀត៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post