header ads

Sponsor

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្ម សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។

ក្រុមជនជាប់ចោទទាំង៥ ដែលត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅរសៀលនេះ រួមមាន ទី១-លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២-ឈ្មោះ ស៊ាង វាសនា, ទី៣-ឈ្មោះ មាស សម្បត្តិ, ទី៤-ឈ្មោះ កុយ ចាន់ថុល និងទី៥-ឈ្មោះ ឈុំ ចិត្រា។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកាសសាលក្រមនេះ ក្រុមគ្រួសារសាច់ញាតិរបស់ក្រុមឧក្រិដ្ឋជនទាំង៥នាក់ បានធ្វើការតវ៉ានិងបិទផ្លូវមិនឲ្យរថយន្តដឹកក្រុមឧក្រិដ្ឋជននេះ ចេញពីសាលាដំបូងរាជធានីភ្នំពេញឡើយ ដោយសារពួកគេមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ និងស្រែកដង្ហោយរកសម្ដេចតេជោ ជួយអន្តរាគមន៍ឲ្យតុលាការបើកការកាត់ក្ដីដោយយុត្តិធម៌ចំពោះកូនចៅសម្ដេច។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏កក្រើករាជធានីភ្នំពេញ បានកើតឡើងកាលវេលាម៉ោង៧និង១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ខណៈឧកញ៉ាចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យ៉ាងណាក្ដី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិតហើយ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post