header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីបុរសម្នាក់ ដែលត្រូវស្ត្រីម្នាក់ស្រែកថា ជាចោរឆក់កាបូបនាង តែនាងដណ្ដើមបានវិញ ហើយត្រូវប្រជាពលរដ្ឋជួយឃាត់ និងវាយបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់ទៅដល់ច្រមុះជ្រូក ត្រូវបានគេចាប់វាយទៀត ហើយចងស្លាបសេក រួចទុកគ្នាចោលផ្កាប់មុខលើដី តែស្លាប់ពេលបញ្ចូនទៅពេទ្យមិនទាន់នោះ សាច់ញាតិក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តបានអំពាវនាវឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ជូនពួកគាត់បានស្ងប់ចិត្ត និងលើកដៃសំពះសុំឲ្យសមត្ថកិច្ចខណ្ឌមានជ័យ ជួយពន្លឿនក្នុងការស្រាវជ្រាវវែកមុខក្រុមជនដែលប្រើហិង្សានោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជូនពួកគាត់ផង។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោកវរៈសេនីយ៏ត្រី គង់ សុវង្ស អធិការរងខណ្ឌមានជ័យ ទទួលបន្ទុកយុត្តិធម៌ និងកម្លាំងផ្នែកពាក់ព័ន្ធ និងកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្តបន្ទាប់គ្នា ពីបទ "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ" កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ នៅចំណុចក្នុងខ្ទមមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩  នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់) ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ជនសង្ស័យដែលកម្លាំងលោកធ្វើការស្រាវជ្រាវ  និងឃាត់ខ្លួនបានបន្តបន្ទាប់គ្នា ពីបទ "ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ" កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ នៅចំណុចក្នុងខ្ទម ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអធិការបន្តថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ វ៉ាត វិឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរកម្មករ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)។ ទី២-ឈ្មោះ ធី ភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរសន្តិសុខ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)។ និងទី៣-ឈ្មោះ សេង សុខធី (ហៅ អាយួន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន។ ចំណែក ជនរងគ្រោះឈ្មោះ ហ៊ុន សំអុល (ហៅឡឹង) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ស្លាប់ ដោយប៉ះទង្គេចក្បាលធ្ងន់ធ្ងរ)។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៤៥កញ្ចប់ថង់តូច (ជារបស់ជនសង្ស័យឈ្មោះ សេង សុខធី (ហៅ អាយួន) ដែលដកហូតនិងឃាត់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ វ៉ាត វិឆ័យ, ឈ្មោះ ធី ភា ,ឈ្មោះ សេង សុខធី (ហៅអាយួន) ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post