header ads

Sponsor

ភ្នំពេញៈ កូនប្រុសសំណព្វរបស់លោករដ្ឋលេខាធិការក្រសួងមួយ ត្រូវបាននាំខ្លួនដោយសម្លៀកបំពាក់ឈុតអ្នកទោស ដៃជាប់ខ្នោះមកកាន់តុលាការនាថ្ងៃទី១២ ខែមីនានេះ ដើម្បីកាត់ទោសពាក់ព័ន្ធករណីបាញ់ប្រហារនៅក្នុងសម្បុកគ្រឿងញៀន គឺក្លឹបកម្សាន្តរ៉ុក កាលពីឆ្នាំមុន បណ្ដាលឲ្យអ្នកចម្រៀងម្នាក់ របួស និងខូចខាតទ្រសម្បត្តិមួយចំនួន។

ជនជាប់ចោទមានឈ្មោះ ឌុច សុវណ្ណារ៉េត អាយុ៣៣ឆ្នាំ ជាជនពាលម្នាក់ ប្រចាំក្លឹបរ៉ុក របស់ឧកញ៉ាគិត ធាង។

ក្នុងសវនាការ ជនជាប់ចោទបានសារភាពពីទង្វើខុសច្បាប់របស់ខ្លួន ដែលប្រើអាវុធបាញ់ប្រហារនៅក្នុងក្លឹបរ៉ុក បណ្ដាលឲ្យគូទំនាស់របស់ខ្លួនជាឌីជេប្រចាំក្លឹប រងរបួសធ្ងន់ធ្ងរ។

រឿងក្ដីនេះ ដោសារជនជាប់ចោទក្លាហានសារភាពត្រង់ៗមិនលាក់លៀម មិនបង្កភាពស្មុគ្រស្មាញ តុលាការបានកំណត់វេលាប្រកាសសាលក្រមផ្ដន្តាទោស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀលជាកំហិត។

សូមបញ្ជាក់ថា មេក្លោងដែលបើកការបាញ់ប្រហារ នៅមជ្ឈមណ្ឌលកម្សាន្ត Rock កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យ DJ ម្នាក់ របួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួន នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នាខេត្តឧត្តរមានជ័យ។

ជនដៃដល់ដែលបើកការបាញ់ប្រហារ នៅកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ ជាកូនប្រុសរបស់លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជជនរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។

ក្រោយកើតហេតុ២ថ្ងៃ ពោល គឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបក្ខពួកជនសង្ស័យ២នាក់ រួមមានទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។

បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តុះអាសន្ន នៅពន្ធនាគារព្រៃស ពីបទហិង្សាមានស្ថានទម្ងន់ទោស។ ប៉ុន្តែក្នុងដំណាក់កាលសើបសួរ ចៅក្រមបានដោះលែងជនសង្ស័យទាំង២នាក់នេះវិញ ដោយទុកតែឈ្មោះ ឌុច សុវណ្ណារ៉េត រហូតមកដល់ថ្ងៃកាត់ទោសនេះ។

ជាការកត់សម្គាល់នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះវ ជាថ្ងៃដែលតុលាការចេញដីកាឃុំខ្លួនឧកញ៉ា គិត ធាង ជាម្ចាស់ក្លឹបរ៉ុក ពាក់ព័ន្ធករណីគ្រឿងញៀននោះ ស្រាប់តែតុលាការនាំខ្លួនជើងកាងក្លឹបរ៉ុក មកកាត់ទោសដែរ វាដូចជាជួនគ្នាពេក៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post