header ads

Sponsor

ភ្នំពេញៈ កុំប្រមាថជីវិតអ្នកដទៃពេលបើកបរ រៀនយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងផង ពេលបើកបរ ស្រលាញ់ជីវិតអ្នក​ សូមបើកបរគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ​ ជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍។ យុវជនចិត្តស្លុយ​ បើកម៉ូតូសណ្ដោងរ៉ឺម៉ក​ លឿនដូចហោះ​ វ៉ាជែង​ កាច់ចង្កេះ​ឡើងស្ទាវ​ តែខ្វះការប្រុងប្រយ័ត្ន ​ធ្លាក់ជង្ហុកគំរបលូ​ បណ្ដាលឲ្យធ្លាក់ពីលើរ៉ឺម៉កបោកនឹងថ្នល់​ រ៉ឺម៉កបុករបាំងថ្ម​ ហើយមិនទាន់អស់ល្បឿន​ រេចង្កូតមកវិញកិនយុវជនចិត្តស្លុយ​ សន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ រ៉ឺម៉កនៅតែបន្តទៅមុខទៀតឡើងចិញ្ចើមផ្លូវបុកជាប់របងដែក​ ផ្អើលបងៗអ្នករត់កង់បីជួយសង្គ្រោះ​ ងើបដឹងខ្លួនឡើង​ បើកចេញលឿនស្លេវ​ ប៉ះបុកទាំងអ្នកជួយទៀត​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៦​ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវព្រះមុនីវង្ស​ នៅត្រង់ចំណុចខាងមុខចំហៀងខាងស្ដាំ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញយុវជនចិត្តស្លុយ​ បើកម៉ូតូសណ្ដោងរ៉ឺម៉ក​មួយគ្រឿង​ ក្នុងលឿនដូចហោះ​ ធ្វើដំណើរតាមផ្លូវព្រះនរោត្តម​ បត់ចូលមកផ្លូវព្រះមុនីវង្ស​ ដោយបានវ៉ាជែង​ កាច់ចង្កេះ​ចុះឡើងៗ​ឡើងស្ទាវ​ តែដោសារតែខ្វះការប្រុងប្រយ័ត្ន ​ស្រាប់តែធ្លាក់ជង្ហុកគំរបលូ​ បណ្ដាលឲ្យយុវជនចិត្តស្លុយ ធ្លាក់ពីលើរ៉ឺម៉កបោកនឹងថ្នល់​ រីរ៉ឺម៉កបានទៅបុករបាំងថ្ម​ ហើយមិនទាន់អស់ល្បឿន​ទេ បានរេចង្កូតវិលត្រលប់មកវិញ​ កិនពីលើយុវជនចិត្តស្លុយ​នោះ​ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​តែម្ដង ហើយរ៉ឺម៉កនៅតែបន្តទៅមុខទៀតឡើងចិញ្ចើមផ្លូវបុកជាប់របងដែក​ ទីតាំងបណ្ដាញអគ្គិសនីកម្ពុជា​ ក្បែរភោជនីយដ្ឋាន​ទន្លេបាសាក់​២​ កល់ជាប់ទៅមុខលែងរួច​។

បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នករត់ម៉ូតូឌុប និងកង់បីដែលឈប់ចាំដឹកម៉ូតូនៅជិតនោះ​ រួមទាំងអ្នកដំណើរ​ នាំគ្នាមកជួយមើលយុវជនចិត្តស្លុយនោះ ខណៈនោះដែលមានរថយន្តគិលានសង្គ្រោះគ្លីនិកហុងហាក់​ បានមកដល់ដែរ​ តែអ្នករបួសនោះ​ដឹងខ្លួនវិញ​ មិនព្រមឡើងរថយន្តសង្គ្រោះនោះទេ​ ហើយស្ទុះងើបតែដោយសារវិលពេកក៏អង្គុយសិន​ បន្តិចក្រោយមក​ ក៏ងើបដើរសំដៅទៅអង្គុយលើម៉ូតូសណ្ដោងរ៉ឺម៉ក​ តែសភាពយុវជននោះ​នៅវិលមុខខ្លាំង​ ក៏ដេកលើរ៉ឺម៉កនោះ​ បានមួយសន្ទុះ​ គ្រាន់តែបងប្អូនប្រជាពលរដ្ឋ​ឃើញលេខទូរស័ព្ទនៅជាប់អាវខាងមុខ​ ពីក្រោម Logo លេខ72​ ដែលពួកគាត់សន្ឋិដ្ឋានថាជា Logo ក្រុមហ៊ុនផលិតទឹកសុទ្ធ​ ប្រហែលៗ នៅខណ្ឌច្បារអំពៅ​ ទើបហៅលេខទូរស័ព្ទនោះឲ្យទាក់ទង​ប្រាប់ឲ្យអ្នកកាន់លេខនោះបានដឹង​ ស្រាប់តែ​យុវជនចិត្តស្លុយ​ បញ្ចេះម៉ូតូ​សណ្ដោយរ៉ឺម៉កនោះ​ បើកចេញលឿនស្លេវ​ ប៉ះបុកទាំងអ្នកជួយទៀត​ ចេញទៅដោយមិនអរគុណសូម្បីតែមួយម៉ាត់​ រួចបត់ឆ្វេងត្រលប់មកតាមផ្លូវព្រះមុនីវង្ស​ បួងចង្កូតឡើងស្ទាវដដែល​ ក្នុងល្បឿនលឿនដូចហោះ​ ឡើងទៅលើស្ពានព្រះមុនីវង្សបាត់ស្រមោល​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post