
លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានឱ្យអង្គភាពយើងដឹងថា៖ នាពេលកន្លងមកខាងរដ្ឋបាលសាលាស្រុក ធ្លាប់បានអញ្ជើញភាគីម្ចាស់ផ្ទះ លោក ឥន លីន ឱ្យមកសាលាស្រុកស្វាយទាបចំនួន២ដងរួចហើយស្តីអំពីការសាងសង់សំយ៉ាបដំបូលផ្ទះ ដោយមិនអនុញ្ញាតឱ្យសាងសង់នោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដីរដ្ឋ ដីចំណីផ្សារ ដែលបានសាងសង់រួចហើយ ក៏ប៉ុន្តែខាងភាគីម្ចាស់ផ្ទះមិនបានចូលទៅសាលាស្រុកដើម្បីធ្វើតាមការណែនាំរបស់រដ្ឋបាលស្រុកនោះទេ ។
លោកបានបន្តទៀតថា៖ មិនត្រឹមតែមិនបានចូលទៅស្តាប់តាមការណែនាំនោះទេ ភាគីម្ចាស់ផ្ទះឈ្មោះ ឥន លីន នៅតែបន្តសាងសង់សំយ៉ាបផ្ទះលយចូលដីចំណីផ្សារដដែល រហូតដល់ល្ងាចថ្ងៃទី២៦ ខែឆ្នាំ២០១៩ នៅពេលដែលខាងក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តចុះមកធ្វើការពិនិត្យទើបម្ចាស់ផ្ទះ បានឱ្យក្រុមជាងធ្វើការកាត់ផ្តាច់រុះរើដំបូលសំយ៉ាបផ្ទះចេញពីសំយ៉ាបផ្ទះតែម្តង ដោយរក្សាទុកទីតាំងឱ្យដូចស្ថានភាពដើមមិនឱ្យមានការសាងសង់អ្វីបន្ថែមទៀតនោះទេ ។
គួរបញ្ជាក់ផងថា៖ ផ្សារប្រសូតិ១ រដ្ឋបាលខេត្តស្វាយរៀងបានចាប់ដៃគូជាមួយអ្នកវិនិយោគ ធ្វើការវិនិយោគរយៈពេល៣០ឆ្នាំ ហើយក៏ជាផ្សារមួយមានកំពស់៣ជាន់ (គិតទាំងជាន់ផ្ទាល់ដី) បំពាក់ជណ្តើរយន្តលើកដំបូងនៅក្នុងខេត្ត ហើយនឹងធ្វើការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះដើម្បីទុកជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ៕ ដោយ៖ស្វាយរៀង










