header ads

Sponsor


ភ្នំពេញៈ នៅទីបំផុតក្រុមប្រឹក្សាជំនុំជម្រះតុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងបក្ខពួក ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ។ សេចក្ដីសម្រេចនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ ថោង សារ៉ាត់ តែចាត់ទុកជាចំពោះមុខ និងបើកផ្លូវប្ដឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។

ក្រោយស្ដាប់សេចក្ដីសម្រេចរបស់តុលាការហើយ ទាំងជនត្រូវចោទ ដែលនាំមកស្ដាប់សាលក្រម រួមទាំងសាច់ញាតិ បានយំននៀលពេញបន្ទប់សវនាការ ស្រែកថា អយុត្តិធម៌។

គួររំឭកថា ក្នុងសំណុំឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កន្លងទៅ តុលាការបានចោទប្រកាន់ទី១.ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុនមានជ័យ៩៩៩ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

-ទី២.ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣.ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។

-ទី៤.ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦.ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

សូមរំឭកថា ជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក។

ក្នុងសវនាការចំនួន២២លើកកន្លងទៅ ក្រុមជនជាប់ចោទបានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។

គួររំឭកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបានលោក ឃី ឆៃ ចៅក្រមសាលារាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post