header ads

Sponsor

ភ្នំពេញៈ អតីតមន្ត្រីគណបក្សប្រឆាំងចំនួន៦នាក់ ដែលទើបតែទទួលបានសិទ្ធិធ្វើនយោបាយបានប្រកាសថា ខ្លួនមិនបង្កើតគណបក្សនយោបាយថ្មីនោះទេ ប៉ុន្តែបន្តជំហរទាមទារឲ្យដោះលែងលោ កឹម សុខា និងរក្សាជំហរសង្គ្រោះជាតិដដែល។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសន្និសី​ទសារព័ត៌មាន​ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ ថា ក្រុមរបស់លោក ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនេះ នៅតែប្រកាសជំហរទាមទារឲ្យដោះលែងលោក កឹម សុខា និងធ្វើនយោបាយការទូត ដើម្បីឲ្យគេជួយផងដែរ។

លោកក៏បានលើកឡើងថា ក្រៅពីស្វែងរកអន្តរាគមន៍ពីអ្នកការទូតនៅកម្ពុជា ក្រុមលោក ក៏នឹងបង្កើតកម្មវិធីមួយចំនួនជួយគាំទ្រដល់ក្រុមគ្រួសារលោក កឹម សុខា ដែលកំពុងតែជាប់ឃុំខ្លួន នៅក្នុងផ្ទះ។

លោក អ៊ូ ច័ន្ទរ័ត្ន បានគូសបញ្ជាក់ថា «យើងគ្មានគោលដៅបង្កើតគណបក្សថ្មីនោះទេ។ យើងបញ្ជាក់ហើយ បញ្ជាក់ទៀតថា យើងនៅតែឈរលើស្មារតីបង្រួមបង្រួម CNRP ដដែល។ ហើយយើងនៅតែប្រកាន់ជំហរជាមិត្តរបស់សង្គ្រោះជាតិដដែល បើទោះបីជាគ្មាននៅវត្តមាន នៅក្នុងប្រទេសកម្ពុជាក៏ដោយ»

សម្រាប់សុំនីតិសម្បទានយោបាយនេះ ដោយមានការលើកឡើងថា មានការទិញ និងលក់នោះលោក អ៊ូ ច័ន្ទរ័ត្ន គូសបញ្ជាក់ថា «នេះជាការលាបពណ៌មកលើកក្រុមលោកតែប៉ុណ្ណោះ។ ការលាបពណ៌នេះ គ្មានអ្វីចំណេញមកសង្គមយើងនោះទេ ក្រៅពីបញ្ចូលការឈឺចាប់ និងធ្វើឲ្យបែបបាក់ក្នុងសង្គមទៅវិញទេ»

លោកសង្កត់ធ្ងន់ថា «ការលាបពណ៌នេះ ខ្ញុំសូមបញ្ជាក់ថា គ្មានពាក់ព័ន្ធនឹងការទិញដូរអ្វីទេ។ សុំ​បំភ្លឺថា សុំឲ្យឈប់ទៅ ជាក់ស្តែងនោះនៅថ្ងៃនេះ កន្លែងសន្និសីទនេះ មានអ្នកខ្លះថា ខ្ញុំកក់ដល់អស់១ម៉ឺនដុល្លារ នេះជារឿងមួយ ដែលអយុត្តិធម៌ ហើយនាំឲ្យមានការឈឺចាប់ក្នុងសង្គមខ្លួនឯង។ ដូច្នេះ ខ្ញុំបញ្ជាក់ថា អត់មានការទិញដូរ អត់មានការលើកទឹកចិត្ត អត់មានការជំរុញពីខាងណាទេ គឺជាឆន្ទៈរបស់យើង ក្នុងការរកដំណោះស្រាយសម្រាប់ជាតិយើងនេះ»

លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានលើកឡើងថា​ មូលហេតុដែលលោកមិនរង់ចាំអន្តរជាតិ រកដំណោះ ស្រាយតាមរយៈអន្តរាគមន៍ពីអតីតមេបក្សប្រឆាំងនៅក្រៅប្រទេសនោះ ដោយសារតែលោក រកចំណុច ឬគន្លឹះអត់ឃើញ រវាងនិន្នាការនយោបាយរបស់មេបក្សប្រឆាំង និងបក្សកាន់អំណាច។ 

លោកគូសបញ្ជាក់ថា «នេះជារឿងមួយ ដែលត្រូវដោះស្រាយរវាងខ្មែរ និងខ្មែរគ្នាឯង ហើយបើសិនអន្តរជាតិជួយស្វែងរកអន្តរាគមន៍ប៉ុណ្ណឹងហើយ ខ្មែរមិនដោះស្រាយគ្នានោះ គឺគ្មានលទ្ធផលទេ។ ដូច្នះទាល់តែយើងបោះដៃឲ្យគ្នា និងបន្ទន់ឥរិយាយបទដាក់គ្នា ដើម្បីរកដំណោះ ស្រាយ។ អីចឹងបានយើងសម្រេចរកគន្លឹះដោះស្រាយ»

លោកស្រី ទេព សុទ្ធី អតីតតំណាងរាស្ត្រខេត្តតាកែវ បានលើកឡើងថា ការសុំសិទ្ធិនេះ មិនអាស្រ័យតែមនុស្សម្នាក់នោះទេ។ អ្នកណាក៏អាចធ្វើបានក្នុងនាមបុគ្គលម្នាក់ៗ ដែលមានសិទ្ធិដើម្បីរួមគ្នាដោះស្រាយបញ្ហា។

ជាមួយគ្នានោះដែរលោក អ៊ូ ច័ន្ទរ័ត្ន ក៏បានអះអាងប្រសិនបើក្រុមលោកមិនប្រញាប់សុំសិទ្ធិនយោបាយនោះទេ ការបែកបាក់ផ្ទៃក្នុងរវាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នឹងកាន់តែច្រើនទៅៗ។

នៅថ្ងៃដដែលអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្នដែលកំពុងធ្លាក់ក្នុងវិបត្តិនៃការបែកបាក់ឯករាជ្យជាតិដ៏ធ្ងន់ធ្ងរយើងខ្ញុំគិតថា ខ្មែរគ្រប់និន្នាការត្រូវមានចំណែកចូលរួមដោះស្រាយ និងបញ្ចៀសបញ្ហា ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post