Sponsor

ភ្នំពេញៈ បុរសម្នាក់ ជាប់ចោទពីបទគំរាមកំហែងថា នឹងសម្លាប់ និងបរិហារកេរិ៍តជាសាធារណៈ ក្នុងរឿងឆាតសុំស្រលាញ់ស្ត្រីរងគ្រោះ តាមបណ្តាញទំនាក់ទំនងសង្គមមិនបានសម្រេច។

ជនបែកស្លុយនេះឈ្មោះ កន ដេត អាយុ២៩ឆ្នាំ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបើកសវនាការជំនុំជម្រះជាសាធារណៈ។

សវនាកានោះមានលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សានិងលោក ស៊ិន វិរៈ ជាតំណាងអយ្យការ។

ក្នុងសវនាការជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានឆាតសុំស្រលាញ់ជនរងគ្រោះតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមពិតប្រាកដមែន។ ប៉ុន្តែ ជនរងគ្រោះមិនព្រមឆ្លើយតប ទើបធ្វើឲ្យខ្លួនខឹងសម្បា ហើយក៏គំរាមសម្លាប់តែម្តង។ ចំណែកស្ត្រីរងគ្រោះ បានបញ្ជាក់ថា ខ្លួនពុំដែលស្គាល់បុរសរូបនេះទេ ហើយខ្លួនក៏មានប្តីរួចដែរ ទើបខ្លួនមិនតបឆាតបែបផ្តេសផ្តាសបែបនេះ។ ប៉ុន្តែ បានធ្វើឲ្យប្តីយល់ច្រលំ រហូតចុះចេញពីផ្ទះ។ ដូច្នេះ ខ្លួនមានការខូចចិត្តជាខ្លាំងចំពោះទង្វើរបស់បុរសរូបនេះ ហើយខ្លួនសូមទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា នាយកដ្ឋានប្រ​ឆាំងបទល្មើ​សបច្ចេកវិទ្យា បាន​ឃាត់​ខ្លួន​បុរស​រូបនេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបាននិយាយ​គំរាម តាមប្រព័ន្ធបណ្តាញ​សង្គមប៉ុនប៉ង​សម្លាប់​ស្ត្រីរងគ្រោះ ព្រោះមិន​អាចតាម​ស្រលាញ់​បាន។

ពេលជន​រងគ្រោះមិន​បានឆ្លើយតប ជនសង្ស័យនោះ បានសរសេរ​សារបង្ហោះ (comment/post) និងបន្ត ផ្ញើសារ (messenger)បន្ថែមទៀត ក្នុងន័យ​តាមស្រឡាញ់​ទៅរំខានច្រើន​ដង រហូតជនរងគ្រោះ បានប្លុក​គណនី (Block) តាមរំខាន​សុំស្រឡាញ់នោះ ដែលបណ្តាល​អោយជនសង្ស័យ​រូបនោះ មាន​ការខឹង​សម្បារ​យ៉ាងខ្លាំង ហើយបាននិយាយ​គម្រាមថា នឹងតាមព្យាបាទ​ជារៀងរហូត។

ជនសង្ស័យ កន ដេត បានបង្កើត​គណនី​ជាច្រើន​តាមរំខាន និងបាន​សរសេរអត្ថបទ​អសុរោះ ជេរប្រមាថ បរិហាកេរ្តិ៍ជន​រងគ្រោះ ក្រុមគ្រួសារ មិត្តភក្តិទាំងឡាយ និងបានផ្ញើ​សារជាសម្លេង គំរាមថា នឹងសម្លាប់​ជនរងគ្រោះ​ផងដែរ។ អំពើគម្រាម​កំហែងតាម​សម្លាប់នោះ បាននាំឲ្យមានការប្តឹង​ទៅសមត្ថកិច្ច​ ដើម្បីចាត់​វិធាន​ការណ៍​ រាំងស្កាត់​ក្នុងការការពារ​សន្តិសុខ​ផ្ទាល់ខ្លួន។

បន្ទាប់ពីបញ្ចប់ការសួរដេញដោលរួចហើយ តុលាការបានលើកពេលប្រកាសសាលក្រមរឿងក្តីនេះ ទៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor