Thursday, March 21, 2019

ផ្ដន្ទាទោស ស្រីស្អាតប្រុសស្អាត២នាក់ ជួញដូរគ្រឿងញៀន២គីឡូក្រាម ដាក់ពន្ធនាគារម្នាក់២១ឆ្នាំ

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកហេង កេសរោ នារសៀលថ្ងៃទី ២១មិនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសយុវជនប្រុស ស្រី ២នាក់ដាក់ពន្ធនាគារកំណត់ ក្នុងម្នាក់ៗ២១ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិកា រដ្ឋចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនតាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទទី១ឈ្មោះ ផន ពិសី ភេទស្រី អាយុ២២ឆ្នាំ និងជនជាប់ចោទទី២ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ ។

ក្នុងសវនាការកាលពីថ្ងៃទី ១២មិនាកន្លងទៅ ឈ្មោះ ផន ពិសី បានសារភាពថា នាងជាអ្នកស៊ីឈ្នួលទៅយកគ្រឿងញៀននោះពីបុរសម្នាក់ឈ្មោះធីបានចំនួន៥ដង ដោយក្នុងមួយដងៗមានគ្រឿងញៀនបនរហែលជាង១គីឡូក្រាម យកមកអោយស្ត្រីម្នាក់ឈ្មោះទីដែលអោយនាងស្នាក់នៅជាមួយដោយបានកំរ៉ៃក្នុងមួយជើងពី៣០ទៅ៥០ដុល្លារ ។

ផន ពិសី បានសារភាពទៀតថា មុនដំបូងឡើយនាងមិនដឹងថាឈ្មោះទីធ្វើការអ្វី ឬរកស៊ីអ្វីទេ ដោយជួលផ្ទះរស់នៅគេជាអ្នកចេញលុយ តែឈកមោះនាងជាអ្នកជួល ។ លុះក្រោយមកទើបនាងដឹងថាឈ្មោះទីរកស៊ីលក់គ្រឿងញៀន ប៉ុន្តែនៅថ្ងៃសមត្ថកិច្ចចាប់ខ្លួននាងឈ្មោះទីបានគេចខ្លួនបាត់ពីផ្ទះមិនដឹងទៅណា។

ចំណែកឈ្មោះវិន ចន្ធី បានសារភាពថានៅថ្ងៃសមត្ថកិច្ចចាប់ខ្លួនខ្លួនគេត្រូវបានឈ្មោះធី ជិៈម៉ូតូណៃហតធំជួលក្នុងតម្លៃ៣០ដុល្លារអោយទៅឃ្លាំមើលឈ្មោះផន ពិសី ពិតជាបានទៅយកគ្រឿងញៀននៅកន្លែងណាត់គ្នាដែរឬអត់ ភារកិច្ចរបស់ខ្លួនគឺឃ្លាំមើលផន ពិសីតែប៉ុណ្ណោះ។

សូមរំលឹកថាការបង្ក្រាបករណីជួញដូរថ្នាំញៀនធ្វើឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨នៅត្រង់ចំណុច ផ្ទះជួលលេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរ និងវត្ថុតាង មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៩ក្រាម ៧៩មីលីក្រាម និងថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩ក្រាម ៥មីលីក្រាម។ ឆ្លងតាមការស្រាវជ្រាវ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៥ ខែកក្កដា  សមត្ថកិច្ចបានចាប់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីន (ICE) ៩៩៩ក្រាម ៦៦មីលីក្រាម។

សរុបទាំងពីរករណីនេះ សមត្ថកិច្ចបានចាប់បានគ្រឿងញៀនសរុបទម្ងន់ ២ពាន់១៣៨ក្រាម ៥មីលីក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ២ពាន់២៩ក្រាម៤៥មីលីក្រាម និង WY ១០៩ក្រាម ៥មីលីក្រាម៕

ផ្ដល់សិទ្ធិដោយ៖ campost.news

Feature Ads