header ads

Sponsor

ព្រះសីហនុៈ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ី​ផល បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមីនា ថា មន្ត្រីពន្ធដារខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវសាធារណៈ ចាប់តាំងពីខែកុម្ភៈ ហើយមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ រកឃើញរថយន្តជាង៧០០គ្រឿង ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ទេ។

លោកថា ចំពោះរថយន្តមិនទាន់ពន្ធផ្លូវខាងលើនេះ មន្ត្រីពន្ធដារតម្រូវឲ្យម្ចាស់រថយន្តទាំងនោះ ត្រូវបង់ពន្ធផ្លូវប្រចាំឆ្នាំ២០១៨ ឡើងវិញ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យមួយរយភាគរយ ឲ្យស្របតាមច្បាប់ពន្ធដារថែមទៀត។

លោក សន សុផល ប្រធានសាខាពន្ធដាខេត្តព្រះសីហនុ បានបន្តទៀតថា ចំពោះរថយន្តដែលមិនបានបង់ពន្ធផ្លូវឆ្នាំ២០១៨ គឺម្ចាស់យានជំនិះទាំងនោះ នឹងខាតបង់ថវិកាទ្វេដង ពោលគឺត្រូវបង់ប្រាក់ពន្ធទ្វេមួយជាពីរ ព្រោះត្រូវខាតបង់ទៅលើប្រាក់ផាកពិន័យ។ លោកថា ថវិកាប្រមូលបានពីការផាកពិន័យរថយន្តអត់បង់ពន្ធផ្លូវ ឆ្នាំ២០១៨ ទាំងជាង៧០០គ្រឿងខាងលើនេះ គឺប្រមូលបានប្រាក់បង់ពន្ធ ចំនួន៣៧៦លានរៀល និងប្រាក់ពិន័យ៣៧៦លានរៀល។

លោក សន សុផល បន្ថែមថា មន្ត្រីពន្ធដារខេត្តព្រះសីហនុ នឹងបន្តចុះដាក់ប៉ុស្តិ៍ត្រួត ពិនិត្យពន្ធផ្លូវលើមធ្យោបាយ យានជំនិះគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទើបបញ្ចប់ការចុះត្រួតពិនិត្យ។ ប៉ុន្តែក្នុងករណីមានការណែនាំថ្មីពីថ្នាក់លើ នឹងបន្តអនុវត្តការងារ ចុះត្រួតពិនិត្យពន្ធផ្លូវនេះ តាមពេលវេលាជាក់ស្តែង។ ត្រង់ចំណុចនេះ លោក សន សុផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនេះ ឲ្យបានគ្រប់គ្នា ដើម្បីចៀសវាងខាតបង់ទាំងពេលវេលា និងខាតប្រាក់ផាកពិន័យធ្ងន់ធ្ងរ។

មន្ត្រីជំនាញរូបនេះ ផ្តាំផ្ញើថា ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ នឹងមិនអាចគេវេសពីកាតព្វកិច្ចបង់ពន្ធផ្លូវបាននោះទេ ព្រោះមន្ត្រីពន្ធដារ នៅតាមរាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យលើមធ្យោបាយយានយន្តរបស់លោកអ្នក នៅតាមផ្លូវសាធារណៈនានា ដោយមិនលើកលែងឡើយ។

ជាងនេះទៀត នៅពេលមន្ត្រីពន្ធដាររកឃើញ យានយន្តរបស់លោកអ្នកមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនោះទេ នឹងត្រូវផាកពិន័យទ្វេដង ដែលនាំឲ្យខាតបង់ទាំងពេលវេលា និងត្រូវទទួលការផាកពិន័យអស់ថវិកាកាន់តែច្រើន។ ដូច្នេះប្រជាពលរដ្ឋគ្រប់ៗរូប មិនត្រូវគេចវេសមិនទៅបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវតាមឆ្នាំនីមួយៗនោះទេ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post