header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានធ្វើការណែនាំដល់អាជ្ញាធរខេត្តនីមួយៗ​ ​កុំស្អប់ ឬខឹង​ ចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវពីក្រុមសង្គមស៊ីវិល ព្រោះនេះជាសិទ្ធិសេរីភាព របស់ពួកគាត់។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ លើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា​អាជ្ញាធរខេត្ត ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្ដាសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅកម្ពុជា។

សម្ដេចបន្ដថា​ ក្រសួងមហាផ្ទៃ បានកំណត់ពេលវេលាជាក់លាក់ ដើម្បីជួបពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិលជាទៀងទាត់ ហើយតាមរយៈយន្តការនេះ ក្រសួងបានឈរនៅលើផលប្រយោជន៍ជាតិ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

សម្ដេច​ ស​ ខេង​ មានប្រសាសន៍ថា​ ខ្ញុំណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មិនត្រូវមានទស្សនៈស្អប់ ឬខឹងចំពោះការរិះគន់ ឬការផ្ដល់យោបល់ កែតម្រូវពីក្រុមសង្គមស៊ីវិលនោះឡើយ ពីព្រោះនេះ ជាសិទ្ធិសេរីភាពមួយ ហើយផ្ទុយទៅវិញ ដើម្បីជាប្រយោជន៍ជាតិ យើងត្រូវអញ្ជើញពួកគាត់ មកពីគ្រោះយោបល់ លើបញ្ហានោះ ដើម្បីឲ្យមានការយល់ពីគ្នាទៅវិញទៅមក ក្នុងនាមជាដៃគូ

សម្ដេច​ក៏បានអំពាវនាវ​ ឲ្យមានកិច្ចសហការជាមួយអាជ្ញាធរដូចគ្នាដែរ តាមរយៈការគោរពគ្នាទៅវិញទៅមកហើយ។ សម្ដេចថា ការមានទស្សនៈខុសគ្នា មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែត្រូវស្ដាប់ហេតុផលគ្នា ហើយរកចំណុចរួម ដោយយកច្បាប់ ជាគោលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យទប់ស្កាត់ រាល់ឧបាយកលបង្កភាពចលាចល និងអស្ថេរភាព នយោបាយ ក្នុងប្រទេស ពីព្រោះប្រសិនបើកើតមានបញ្ហានេះ ប្រទេសជាតិនឹងមិនមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញលេញឡើយ ហើយត្រូវអប់រំណែនាំពលរដ្ឋ ឲ្យបានដឹងពីសារៈសំខាន់ នៃកត្តាសុខ និងសន្តិភាពនេះ។

ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ លើកទឹកចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាអនុវត្គ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក្នុងនោះរដ្ឋមន្ដ្រី​ សង្ក់តធ្ងន់អំពីការ លុបបំបាត់គ្រឿងញៀន គ្រប់មូលដ្ឋានខេត្តព្រៃវែង។

រដ្ឋមន្ដ្រីមហាផ្ទៃ​ថា ​គ្រឿងញៀន ជាបុព្វហេតុនាំឲ្យមានបទល្មើសកើតឡើងច្រើន ក្នុងសង្គមហើយវាថែមទាំងបំផ្លាញធនធានមនុស្ស របស់ជាតិទៀតផង ពិសេសយុវជន ដែលកំពុងពេញកម្លាំង ដូច្នេះទាំងក្រុមការងារ មន្រ្តីមូលដ្ឋាន និងពលរដ្ឋ ត្រូវរួមដៃគ្នា លុបបំបាត់គ្រឿងញៀនឲ្យបានពីព្រោះគ្រឿងញៀន បានទៅដល់មូលដ្ឋានហើយ

ឆ្លៀតឱកាសនោះដែរ​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ លើកឡើងថា​ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវធ្វើឲ្យរួចរាល់ នៅឆ្នាំ២០២០ខាងមុខ រួមមានការផ្ទេរមុខងារ ធនធាន ការផ្ទេរបុគ្គលិក ពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ និងការបង្កើនថវិកា អភិវឌ្ឍន៍សម្រាប់រដ្ឋបាលឃុំ និងសង្កាត់។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ អំពីការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងមន្រ្តីខេត្ត ដើម្បីឆ្លើយតបយន្តការ កំណែទម្រង់ និងការកំណត់អំពី តម្រូវការថវិកា មធ្យោបាយ សម្ភារៈ និងយន្តការនានា សម្រាប់ការកែសម្រួល រដ្ឋបាលថ្នាក់ក្រុងស្រុក ដែលក្រសួងបាន និងកំពុងផ្ដោតការ យកចិត្តទុកដាក់នោះ។

សម្ដេច ក៏បានសម្ដែងការសាទរ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់យន្តការ ច្រកចេញចូលតែមួយ ដោយសម្ដេចបានណែនាំបន្ថែមទៀត ឲ្យមន្រ្តីជាអ្នកផ្ដល់សេវាជូនពលរដ្ឋ ត្រូវបន្តខិតខំបំពេញការងារនេះ ឲ្យបានកាន់តែប្រសើរថែមទៀត ពីព្រោះយន្តការនេះ បានទទួលការអបអរសាទរខ្លាំងណាស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលបានមកសុំសេវា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post