header ads

Sponsor

កំពង់ឆ្នាំងៈ អដ្ឋិធាតុសាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន៦សព ត្រូវបានក្រុមការងារ K៩០ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ស្វែករកឃើញនៅភូមិថ្នល់ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អដ្ឋិធាតុខាងលើនេះ បានរកឃើញកាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថ្មីៗកន្លងទៅ ដោយមានការបង្ហាញទីតាំងពីប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមត្ថកិច្ច ចូលរួមសហការពីសំណាក់លោកវរសេនីយ៍ឯក ប៉ាក ឈាន លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្នែកសឹករងស្រុកសាមគ្គីមានជ័យ និងផ្នែកសឹករងស្រុកកំពង់ត្រឡាច។

ឧត្តមសេនីយ៍ទោ លោក ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យដឹងថា ការដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងមូល ត្រូវបានយកចិត្តទុកដាក់ក្នុងការស្វែងរកអដ្ឋិធាតុសពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយនឹងក្រុម K៩០ គឺជាការតបស្នងសងគុណដែលមិនអាចកាត់ថ្លៃបានក្នុងការចូលរួមតស៊ូប្រយុទ្ធពីសំណាក់កងទ័ពស្ម័ក្រចិត្តវៀតណាម កាលពីសម័យសង្គ្រាម ដែលបានលះបង់អាយុជីវិត និងពលីជីវិតនៅលើទឹកដីកម្ពុជា ដើម្បីរំដោះប្រទេសជាតិឲ្យផុតពីសង្គ្រាម និងរបបបនប្រល័យពូជសាសន៍ រហូតបានមានសុខសន្តិភាព ស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ បានថ្លែងបន្តទៀតថា ការបាត់បង់នូវជីវិតរបស់ពួកគេ គឺជាការយំសោកយ៉ាងខ្លាំងពីក្រុមគួ្រសារសាច់ញាតិប្រពន្ធកូនរបស់ពួកគាត់ ដែលសូម្បីតែស្លាប់ក៏មិនដឹងថា សាកសពនោះនៅឯណាផង។

ទន្ទឹមនឹងនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមផ្ដល់ការសហការដល់ក្រុមការងារ K៩០ រួមនឹងអាជ្ញាធរមូលដ្ឋាន នូវទីកន្លែងកប់សពកងទ័ពវៀតណាម បើទោះបីថា ច្បាស់ ឬមិនច្បាស់ ក៏ត្រូវតែផ្ដល់ព័ត៌មាននេះ ដល់អាជ្ញាធរ និងក្រុមការងារ K៩០ (កាកៅសិប) ផង ដើម្បីជាការតបស្នងសងគុណដល់គាត់ និងសពអដ្ឋិធាតុពួកគាត់បញ្ជូនវិលទៅមាតុប្រទេសវិញ។

ជាមួយគ្នា លោកមេបញ្ជាការ ក៏មានការផ្តល់រង្វាន់លើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេល រាល់ការចង្អុលបង្ហាញសពកងទ័ពស្ម័ក្រចិត្តវៀតណាម រហូតដល់ជីកលើកបានគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ឆ្នាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post