header ads

Sponsor

ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវបានម៉ូតូកង់បីឥណ្ឌា Pass app បើកមកបុកពីក្រោយ ហើយបើករត់គេចបាត់ស្រមោល បន្សល់ទុកសពនៅកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យមើ​លទាំងព្រលឹម វេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃសុក្រ ទី២១ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវ ភ្លាមៗ ត្រូវបានស្គាល់ឈ្មោះ យ៉ែម សារី ហៅ អូន អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយកូននៅភូមិចំការឪឡឹក២ ខណ្ឌសង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមសម្តីក្រុមគ្រួសារ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ជួនស្នាក់នៅជាមួយកូននៅស្រុកអង្គស្នួល  ជួនមកស្នាក់នៅជាមួយ​កូននៅក្នុងភូមិចំការឪឡឹក២ ហើយជនរងគ្រោះ បន្ទាប់ពីមកស្នាក់នៅជាមួយកូននៅទីនេះ ជួយមើលថែចៅៗ ជារៀងរាល់ព្រឹក តែងតែដើរហាត់ប្រាណ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ គាត់ដើរចេញក្រៅហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។

បើតាមប្រជាពលដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដើរហាត់ប្រាណ តាមផ្លូវបេតុងខាងលើ ពីជើងទៅត្បូង អស់មួយសន្ទុះ ក៏បានដើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្លៀតចូលទិញនំឆាខ្វៃចំនួន២គូ កាន់នៅដៃផង លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា Pass app ពណ៌ស មួយគ្រឿង បើកពីត្បូងទៅជើងស្របទិស បុកពីក្រោយ ផ្លោងរមៀល ជនរងគ្រោះ បោកស្លាប់ភ្លាមៗនៅកន្លែង ហើយម៉ូតូបង្កបន្ថែមល្បឿន បើករត់ទៅទិសខាងជើងបាត់ស្រមោល។

ក្រោយកើតហេតុ បន្ទាប់ពីស្លាប់ស្ត្រីដើរហាត់ប្រាណម្នាក់ខាងលើ ផ្អើលពលរដ្ឋ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែង ទើបរកអត្តសញ្ញាណ ក្រុមគ្រួសារឃើញ ជាពលរដ្ឋស្នាក់នៅកន្លែងកើតហេតុ ហើយភាគីបង្កបានគេចខ្លួនបាត់។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើ​កំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post