header ads

Sponsor

ភ្នំពេញៈ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បាន និងកំពុងជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្ស។

សូមរំឭកថា អ្នកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល។ ក្នុងទស្សនកិច្ចរបស់អ្នកស្រីនេះ គឺជាលើកទី៧ហើយ នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកស្រី ស្មីត ផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានា ចាប់តាំងពីបេសកកម្មរបស់លោកស្រី កាលពីខែវិច្ឆិកាកន្លងមក។

អ្នកស្រី រ៉ូណា ស្មីត ថ្លែងថា "ខ្ញុំមានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទិ្ធមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព"។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ របស់អ្នកស្រី គ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់អ្នកស្រី នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅថ្ងៃទី៩ ខែឧសភា នៅវេលាម៉ោង៣៖០០នាទីរសៀល នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋានអគារលេខ៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post