
កណ្ដាលៈ អគ្គិភ័យ បានឆាបឆេះតូបលក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋ ក្នុងផ្សារកំពង់លួង បណ្ដាលឲ្យខូចខាតទាំងស្រុង គិតជាលុយអស់ជាង១ម៉ឺនដុល្លារ។ អគ្គិភ័យនេះ ដោយសារឆ្លងចរន្ដអគ្គីសនី កើតឡើងនៅវេលាម៉ោង១១៖១៥នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សាកំពង់លួង ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថា តូបដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៣ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីដែក ជញ្ជាំងស័ង្កសី ម្ចាស់ឈ្មោះ ខៃ សំបូររ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្ដិ ដែលបាត់បង់មានទូរស័ព្ទសរុបចំនួន១២០គ្រឿង និងសម្ភារៈជួសជុលទូរស័ព្ទមួយចំនួន គិតជាទឹកប្រាក់សរុបចំនួន១២,០០០ ដុល្លារសហរដ្ឋអាមេរិក ។
សមត្ថកិច្ច បន្ដថា ក្រោយពីកម្លាំងប៉ូលិសស្រុកពញាឮ ទទួលបានករណីអគ្គិភ័យឆេះតូបលក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋខាងលើ ភ្លាមៗនោះកម្លាំងប៉ូលិសបានចុះអន្ដរាគមន៍ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង មកធ្វើការពន្លត់ រហូតរលត់ជាស្ថាពរ នៅវេលាម៉ោង១១៖៥៥នាទីយប់ថ្ងៃដដែល។
អគ្គិភ័យខាងលើនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ដោយយោងតាមការអះអាងរបស់ជនរងគ្រោះ ជាម្ចាស់តូប៕











