header ads

Sponsor

មណ្ឌលគិរីៈ លោក សារឿន ម៉ាប់ ជាជនជាតិដើមភាគតិចមួយ ដែលរស់នៅក្នុងទឹកដីឃុំប៊ូស្រា នៅតែបន្តសកម្មភាពកាប់បំផ្លាញ និងញុះញង់ អោយបងប្អូនជនជាតិដើមភាគតិច ចូលទៅកាប់ព្រៃធម្មជាតិ នាភូមិសាស្ត្រ ក្នុងទឹកដីឃុំប៊ូស្រាយ៉ាងគំហុក ដោយមិនខ្លាចញញើតមន្ត្រីជំនាញណាមួយឡើយ ដោយប្រភពនៅទីនោះ បានអះអាងថា លោក សារឿន ម៉ាប់ នេះ មាន ទំនាក់ទំនងជាមួយម​ន្ត្រីក្នុងស្រុកប៊ូស្រាយ៉ាងស្អិតល្មួត ដូចជាបាយដំណើបសាំងខ្យាអ៊ីចឹង។

បើយោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ យ៉ាងតិច ក៏មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជាង២០គ្រឿង បានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេភាគីប៉ុស្តិ៍៧-ណាំលៀរ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតដល់មានបញ្ហាបែកពាងប្រហុក ដូចខ្មោចដំរីងាប់លាក់មិនជិតនោះឡើយ ខណៈបន្សល់ទុកនូវភស្តុតាងនៃបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង ដោយសារមានរថយន្តក្រឡាប់មួយគ្រឿង។

ហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក៏មានការចរាចរឡានដឹកបទល្មើសព្រៃឈើយ៉ាងអនា​ធិបតេយ្យនៅ​ភូមិសាស្រ្តមួយចំនួនដូចជា អូរពោត ក្រុមហ៊ុនដាឡាក់ ចំណុចអូរយ៉ាង និងផ្លូវអូររ៉េត យ៉ាងរង្គាល អាជ្ញាធរស្រុកដេកលក់ទាំងថ្ងៃ ទាំងយប់ ដូចជា មិនដឹងរឿងអ្វីសោះ។

ប្រភពបន្ថែមថា ដោយមានការញុះញង់ពីលោក សារឿន ម៉ាប់ ធ្វើឱ្យក្រុមឈ្មួញដទៃទៀតស្រែកឃ្លាន និងទឹកប្រាក់ដុល្លារ ភ្លេចអស់ឧត្តមគតិរបស់ខ្លួន មិនថាឈ្មួញឈើ និងមន្ត្រីជំនាញឡើយ ដែលមានឈ្មោះ ឈឺ លោកឆុង ជាមន្ត្រីយោធា និងឈ្មោះ ហឿន ឈ្មោះ ស្នោ ឈ្មោះ ភ័ក្រ្ត លោក កណ្តោ និងឈ្មួញឈើជាច្រើននាក់ទៀត បានទទួលទិញនូវអនុផលព្រៃឈើ ដោយមានការញុះញង់ពីលោក សារឿន ម៉ាប់។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនអនុផលព្រៃឈើ លោក សំរិទ្ធ ណយ មេច្រកទ្វេភាគីប៉ុស្តិ៍៧-ណាំលៀរ នា​រសៀលថ្ងៃទី២៩ មីនា CAM POST មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល។

ដោយឡែកលោក សារឿន ម៉ាប់ ដែល​រងការចោទប្រកាន់ជាអ្នកញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំចេញតាមច្រកទ្វេភាគីប៉ុស្តិ៍៧-ណាំលៀរ អង្គភាព CAM POST ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទជាច្រើនដង មិនអាចទាក់ទងបាន។

ជុំវិញនឹងការចេញផ្សាយ អង្គភាពយើង រង់ចាំការបំភ្លឺនៅរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post