Sponsor
ភ្នំពេញៈ ប្រភពព័ត៌​មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី​ បានអោយដឹងថា លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ដែលកំពុងជាប់ឃុំឃាំងក្នុងបទសម្រួលអោយមានការប្រើប្រាស់គ្រឿងញៀន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីបានបន្ថែមឧបករណ៍ជាច្រើនថែមទៀតចូលមកក្នុងបន្ទប់មន្ទីរពេទ្យ ដែលគាត់កំពុងស្នាក់នៅ។

ប្រភពបានបន្តថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកឧកញ៉ា គិត ធាង បានដឹកបញ្ជូនលក្នុងបន្ទប់របស់គាត់នូវម៉ាស៊ី​នហាត់ប្រាណ ម៉ាស៊ីនម៉ាយក្រូវ៉េវ សម្រាប់ចម្អិនអាហារផ្ទាល់ខ្លួន និងម៉ាស៊ីនកិនផ្លែឈើជាដើម។

សូមរំឭកថា ឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យរុស្ស៊ី តាំងពីពាក់កណ្តាលយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដែលរហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានរយៈពេល ១៨ថ្ងៃមកហើយនៅមិនទាន់ចេញពីពេទ្យចូលទៅពន្ធនាគារប៉េហ្ស៊ីវិញនៅឡើយទេ បន្ទាប់ពីសុំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

បុគ្គលិកនៃមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា អាការៈជំងឺសួតរបស់ឧកញ៉ា គិត ធាង បានធូរស្បើយណាស់ហើយ ព្រោះបច្ចុប្បន្ននេះគ្រូពេទ្យមិនបានចាក់ថ្នាំ ឬឲ្យថ្នាំលេបទៀតទេ ពោលគឺគ្រាន់តែមកវាស់សម្ពាធឈាមនៅពេលព្រឹកប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃៗ ឧកញ៉ា គិត ធាង បានបិទទ្វារបន្ទប់រហូតមិនឲ្យអ្នកណាចេញចូលឡើយ សូម្បីតែអនុរក្សពន្ធនាគារប៉េហ្ស៊ី ដែលមកយាមទីនោះក៏មិនឲ្យចូលដែរ  លើកលែងតែក្រុមគ្រួសារ ឬប្រពន្ធរបស់ខ្លួនតែប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃៗគេឃើញមានអ្នកយកឯកសារមកអោយជនជាប់ចោទស៊ី​ញ៉េទៀតផង។

ប្រភពព័ត៌មាន ដដែលបានអះអាងទៀតថា ក្នុងបន្ទប់ដែលអ្នកឧកញ៉ា គិត ធាង ដេកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីនោះ គឺមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍និងបានប្រើទូរស័ព្ទគ្រប់ម៉ាក និងគ្រប់ប្រព័ន្ធមានអ៊ិនធើណិតថែមទៀតផង ទើបធ្វើឲ្យអ្នក ឧកញ៉ា គិត ធាង ក្រាញននៀល មិនចង់ចូលទៅពន្ធនាគារវិញទេ។ ឥឡូវនេះ ទាំងបន្ថែមឧបករណ៍ហាត់ប្រាណ ម៉ាស៊ីន​ម៉ាយក្រូវ៉េវ ចូលក្នុងបន្ទប់ទៀតផង ពិតជាអស្ចារ្យណាស់ ។

លោកឧកញ៉ា គិត ធាង អាចចូលដេកសម្រាកនៅពេទ្យ រុស្ស៊ីបានបន្ទាប់ពីលោកស្រីមេធាវី ទី គឹមស្រ៊ាន ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា គិត ធាង ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ពីបទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនបានចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល  ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានមនុស្សប្រុសស្រីចំនួន២២នាក់ហើយ ត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុករបស់ឧកញ៉ា គិត ធាង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ មេសា ឆ្នាំ២០១៩ ឈ្មោះ ស្រេង វីរៈ ម្ចាស់ក្លឹបម៉ៃអាមី ដែលជាជង្រុកគ្រឿងញៀនមួយលេចធ្លោសម្បើមដែរ ត្រូវបានគេបញ្ជូនមកតុលាការដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធមួយចំនួន ព្រោះឈ្មោះ ស្រេង វីរៈ ក៏ជាអ្នកជួលទីតាំងក្លឹបរ៉ុកបើកអាជីវកម្មមួយក្នុងនោះដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor