header ads

Sponsor

ភ្នំពេញៈ លោក កឺ ម៉ាណេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃត្រង់ទី៣ ខែមេសា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនលោក ផែង វណ្ណៈ ដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់។

សេចក្ដីសម្រេចចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង អមតុលាការបានសាកសួរលោក ផែង វណ្ណៈ តាំងពីល្ងាចថ្ងៃទី២ ខែមេសា រហូតដល់ពេញមួយព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនលោក ផែង វណ្ណៈ តាមដីកាបញ្ជារបស់លោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងអមតុលាការ។

លោក ផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ឋលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបង្ហើបពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ផែង វណ្ណៈ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភក្តិ បានចេញដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈទំព័រ page facebook ដែលមានឈ្មោះ Pheng Vannak News  កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយការចេញដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺលោក គី តិច បានដាក់ពាក្យប្ដឹងចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីប្ដឹងឈ្មោះ ផែង វណ្ណៈ ដោយអះអាងថា ឈ្មោះ ផែង វណ្ណៈ ពិតមានចេតនាទុច្ចរិតប្រើប្រាស់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍របស់ខ្លួន ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈលើសម្ដេចតេជោ ហ៊ុន សែន ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post