header ads

Sponsor

ភ្នំពេញៈ យុវជនបួននាក់ ក្នុងចំណោមបក្ខពួក៦ទៅ៧នាក់ទៀត ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីទាំងកណ្ដាលយប់ បន្ទាប់ពីពួកគេ​ចេញពីក្លឹបវាយតប់គ្នា ហើ​យរត់ចោលម៉ូតូ រួចមកប្តឹងសមត្ថកិច្ចថា មានគេវាយប្លន់យកម៉ូតូរបស់ពួកខ្លួនទៅវិញ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបកម្សាន្ត ហ៊្សូក (Zouk) តាមបណ្ដោយផ្លូវ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ​ គេឃើញយុវជនទាំងបួននាក់ខាងលើ និងបក្ខពួក៦ទៅ៧នាក់ទៀត បានជិះម៉ូតូ៤ទៅ៥គ្រឿង ចេញមកពីក្នុងក្លឹបកម្សាន្តខាងលើ។ ហើ​យយុវជនទាំងនោះ បានដាក់ខ្សែក្រវ៉ាតដេញវាយគ្នា ជាមួយយុវជនមួយក្រុមផ្សេងទៀត ប៉ុន្តែដោយយុវជនទាំងបួននាក់ រួមជាមួយបក្ខពួកវាយមិនឈ្នះភាគីខាងទៀត ទើបក៏បាននាំគ្នារត់គេចខ្លួនបាតជើងសព្រាត បន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GR-8941 នៅកន្លែងកើតហេតុ។

ភ្លាមៗនោះ ក៏មានសន្តិសុខយាមនៅក្លឹបកម្សាន្តខាងលើ បានចេញមកអន្តរាគមន៍ បណ្តាលឲ្យក្រុមយុវជន ដែលជាភាគីម្ខាងទៀតរត់គេចខ្លួនបាត់ស្រមោលផងដែរ។ ខណៈនោះសន្តិសុខ ក៏បានទៅយកម៉ូតូខាងលើ ដែលយុវជនទាំងបួននាក់ និងបក្ខពួកបានបន្សល់ទុកនៅកន្លែងកើតហេតុ យកទៅរក្សាទុកនៅក្នុងក្លឹបកម្សាន្តខាងលើ។

ក្រោយកើតហេតុយុវជនទាំងបួននាក់ខាងលើ និងបក្ខពួកក៏បាននាំគ្នា ជិះម៉ូតូទៅប្តឹងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅខាងលើ ក្រោមស្ពានអាកាសផ្សារដីហុយថា ពួកគេ ត្រូវបានគេវាយប្លន់យកម៉ូតូនៅត្រង់ចំណុចកើតហេតុ។ ពេលនោះសមត្ថកិច្ច ក៏ប្រញាប់ប្រញាល់រាយការណ៍តាមវិទ្យុទាក់ទង (ID)ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលចុះមកធ្វើការនាំយុវជនទាំងនោះ ទៅសាកសួរដល់កន្លែងកើតហេតុ ភ្លាមៗតែម្ដង។

នៅពេលសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកើតហេតុ សន្តិសុខយាមក្លឹបកម្សាន្តហ៊្សូកក្លឹប បានប្រាប់ទៅកាន់សមត្ថកិច្ចវិញថា «មិនមែនជាករណីវាយប្លន់យកម៉ូតូនោះទេ គឺជាករណីឈ្លោះទាស់ទែងគ្នា វាយតប់គ្នាប៉ុណ្ណោះ រួចសន្តិសុខ ក៏បានយកម៉ូតូរបស់យុវជនខាងលើ ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកបន្ត។

បន្ទាប់មក​យុវជនទាំងបួននាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចំណែកឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរនាំដឹងរឿង។

បច្ចុប្បន្នយុវជនទាំងបួននាក់ខាងលើ ត្រូវបានសមត្ថកិច្ចអប់រំនិងដាក់ពិន័យឲ្យបោសសម្អាតទីធ្លាប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឲ្យស្អាត ដើម្បីរង់ចាំព្រឹកស្អែក ទាក់ទងហៅអាណាព្យាបាលឲ្យមកធានា យកត្រឡប់ទៅផ្ទះវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post