
កណ្តាលៈ ម្ចាស់ភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ "ឡូហ្សិក២" ដែលល្បីឈ្មោះបោះសម្លេងនៅក្រុងតាខ្មៅ ជាខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះ ត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យបណ្តឹងប្តឹងថៅកែ "ឡូហ្សិក២" ឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍“ ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត។ ភោជនីយ៍ដ្ឋាន "ឡូហ្សិក២" និងKTV មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់ភ្នាក់ងារ CAM POST បានដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ "ឡូហ្សិក២" ឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍“ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយ៍ដ្ឋាន "ឡូហ្សិក២" និងKTV លុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ម៉េត សុភា បាននិយាយប្រាប់ឈ្មោះ មាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរ មេកា នៅភោជនីយ៍ "ឡូហ្សិក២" បង្កាច់កេរ្តិ៍លើឈ្មោះ លី គឹមសូរ (មេសូរ) យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយ៍ដ្ឋាន "ឡូហ្សិក២" មិនតែប៉ុណ្ណោះ ថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថា មានលុយចាយហើយចារឹកដូចបាតផ្សារចឹង។
មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយ៍ដ្ឋាន "ឡូហ្សិក២" និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្កសម្លេងរំខានដល់ពួកគាត់ និងជាពិសេស គឺភ្ញៀវដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើឲ្យពួកគាត់មានការភិតភ័យ។ ពួកគាត់ក៏ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង៕





