header ads

Sponsor

ភ្នំពេញៈ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន អាចនឹងប្រើប្រាស់បានរហូតដល់៥០ឆ្នាំទៀត ក្រោយពីជួសជុលដោយភាគីជប៉ុន។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោយពីកាត់ខ្សែបូបើកឲ្យដំណើរការជាផ្លូវរួច សម្តេចក៏មិនភ្លេចពីការអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ ក្រោយពីបានបើកដំណើរការជួសជុលអស់រយៈពេលប្រមាណជា២ឆ្នាំមក។ សម្តេចអះអាងថា រដ្ឋាភិបាល និងប្រជាជប៉ុនដែលតែងតែជួយកសាង និងអភិវឌ្ឍន៍កម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ក្រោយពីការជួសជុលរួចរាល់ដែលបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត”។

សម្តេចថា ដូច្នេះការសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ នៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់ជាពលរដ្ឋទូទៅ ។ ជាពិសេសដាក់ឲ្យប្រើប្រាស់នេះ ក៏ជាចំណងដៃថ្មីដល់ពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខ។

នាយករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឲ្យជនរួមជាតិធ្វើដំណើរមានសុខសុវត្ថភាពទាំអស់គ្នា ហើយចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេស ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមរំលឹកថា ស្ពានជ្រោយចង្វារទី១(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ១៩៧២ ត្រូវបានកាត់ផ្តាច់ពីគ្នា ធ្វើឲ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក និងជិះកាណូតឆ្លងដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។ រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្រ្គាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយជប៉ុន ហើយក៏បានប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។

ដោយសារនៅចុងឆ្នាំ២០១៧ ស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ តម្រូវឲ្យមានការជួសជុលធានាសុវត្ថិភាពឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាជាង៣០លានដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post