header ads

Sponsor

ភ្នំពេញៈ បុករត់នៅតែជាទម្លាប់! បុរសម្នាក់ ជិះម៉ូតូ VIVA មួយគ្រឿង ក្នុងល្បឿនធម្មតា សង្ស័យបើកបញ្ច្រាសទិសដៅចរាចរណ៍ផ្លូវគោក  ត្រូវរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ បណ្ដាលឲ្យបុរសរងគ្រោះដួលបោកនិងថ្នល់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩យប់ ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ផ្លូវលេខ២១៤ កែងផ្លូវលេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-7769 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិច សង្ស័យបញ្ច្រាស់ទិស ស្របពេលនោះ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ ក៏បានបើកបុកម៉ូតូរងគ្រោះ ដែលជិះបញ្ច្រាសទិសដៅចរាចរណ៍ផ្លូវគោក បំណងបត់ចូលទៅផ្លូវ១៤១។ ខណៈពេលនោះ ដោយម៉ូតូជនរងគ្រោះដួលសង្កត់លើ បណ្ដាលឲ្យបុរសរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្ទួច ដោយរថយន្តបង្កមិនបានឈប់ ចុះមកមើលនោះទេ បែរជាព្យាយាមបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំសាច់ញាតិមកយកនៅពេលក្រោយ។ ដោយឡែក សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post