header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច ខណៈពេលកំពុងជិះម៉ូតូតែម្នាក់ឯង ត្រូវរថយន្តកាមរីហាយប៊្រីតបើកបុកពេញទំហឹង កាលពីវេលាម៉ោង១២៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបែកជាបួន តាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១០៥(លូទឹកស្អុយ) ស្ថិតក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ(សព)មានឈ្មោះ សួន សុភក្រ អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅក្រសួងសាធារណការផ្នែកសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើត ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3990។ ចំណែកឯរថយន្តបង្កម៉ាក កាមរីហាយប៊្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-1988។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ឆ្លងផ្លូវលេខ៣៦០ ស្រាប់តែមានរថយន្តបង្កដែលបើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនោះ ជ្រុលបុកម៉ូតូបណ្ដាលឲ្យមនុស្សផ្លោងទៅបោកជាមួយខឿនថ្មលូទឹកស្អុយ បែកក្បាលស្លាប់ភ្លាមៗ។

ប្រភពបន្តថា ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កបានឈប់មើលជនរងគ្រោះផងដែរ តែដោយសារអត់មានអ្នកចាប់អារម្មណ៍ និងឃាត់នោះ ទើបម្ចាស់រថយន្តខាងលើបើករត់គេចចេញពីកន្លែងកើតហេតុ ទៅចតរថយន្តចោលលើចិញ្ចើមផ្លូវ ក្រោមដើមឈើជិតខារ៉ាអូខេ KTV XO(ចាស់) នៅផ្លូវ១៦៣ ហើយបម្រុងចុះរត់ តែត្រូវប្រជាពលរដ្ឋឃើញនាំគ្នាជួយឃាត់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន មកយកទៅសាកសួរនៅប៉ុស្តិ៍។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ។ ចំណែកឯសាកសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្រោមក្ដីអាឡោះអាល័យបំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post