header ads

Sponsor

ភ្នំពេញៈ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានទាំងយប់  បន្ទាប់ពីប្រទះឃើញបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារពានិជ្ជកម្ម ដាយមិនវ័ន មានកម្ពស់១៤ជាន់ ក្នុងទឹកដីកោះពេជ្រ បោកក្បាលស្លាប់ភ្លាមៗមួយរំពេច (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះទៅកន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ ស្នងការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលទាំងយប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចក្នុងបរិវេណទីក្រុងកោះពេជ្រ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ដាយមិនវ័ន (Daimond One) ដែលមានកម្ពស់១៤ជាន់ ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភិនភាគសពបុរសរងគ្រោះ ជាជនជាតិចិន តែមិនទាន់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ស្លៀកខោខ្លីត្រឹមជង្គុង។

តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសរងគ្រោះខាងលើ ធ្លាក់ពីលើអគារចុះក្រោមបោកក្បាល (ដោយមិនដឹងធ្លាក់ពីជាន់ទីប៉ុន្មានទេ) ភ្លាមនោះអ្នកដែលបានឃើញនាំគ្នាស្ទុះទៅជិតមើល ឃើញដេកស្ដូកស្ដឹង និងបែកឈាមហូរចេញពីក្បាលទាំងថ្លុក តែមិនមានអ្នកណាហ៊ានចូលទៅប៉ះពាល់នោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង  ហើយរាយការណ៍ប្រាប់ទៅខាងសន្តិសុខ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។

បន្តិចក្រោយមក ឃើញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះទៅដល់កន្លែងកើតហេតុផងដែរ រួចរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញ កោសល្យវិច្ឆ័យ ស្នងការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យធ្វើកោសលវិច្ច័យទាំងយប់ផងដែរ។

ក្រោយមកដំណឹងនេះ បានដឹងដល់ក្រុមអ្នកសារព័ត៌មាន ចុះមកដល់កន្លែងកើតហេតុបន្តបន្ទាប់គ្នា តែខាងក្រុមសន្តិសុខយាមអគារពានិជ្ជកម្ម ដាយមិនវ័ន កើតហេតុខាងលើនោះ មិនអនុញាតឲ្យក្រុមអ្នកយកព័ត៌មានផ្ដិតយករូបភាពនោះឡើយ ហាក់បីដូចជាចង់លាក់បាំង ហើយមិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុនឹងដំណើររឿងនេះឡើយ។ ក្រោយពីពិនិត្យសពរួច ខាងការិយាល័យបច្ចេកទេសកោសល្យវិច័យ បានបញ្ជាក់ថា សពពិតជាស្លាប់ដោយធ្វើអត្តឃាតលោតពីលើអគារពិតប្រាកដមែន។ ទើបក្រុមអ្នកសារព័ត៌មានយើងផ្ដិតយករូបភាពផ្សាយផ្ទាល់តែម្ដង។

បច្ចុប្បន្នសពជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ កោសល្យវិច័យ រៀបចំចាត់ចែងយកទៅក្លាសេទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post