header ads

Sponsor

ភ្នំពេញៈ កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេស។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកស្រី អុ​ង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកស្រី​ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចលោកស្រី អុង សានស៊ូជី នាឱកាសនេះ គឺពិតជាមានសារសំខាន់ និងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត និងនាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្ត ដោយបានមើលឃើញពីការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័​ណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធិលើវិស័យនយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និងបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មានការរីកចម្រើនជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ លោកស្រី អុង សានស៊ូជី បានសម្តែងនូវវឌ្ឍនភាពនៃទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងខិតខំពង្រឹងល្បឿននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

លោកស្រី​ អុង សានស៊ូជី បានស្នើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះ តួនាទីស្ថាប័ននីតិប្បញ្ញត្តិ ក៏មានការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស ហើយអ្វីដែលសំខាន់ គឺសមាជិកសភានៃប្រទេសទាំងពីរ ក៏អាចធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើននៃប្រទេសទាំងពីរ តាមរយៈការពង្រឹងនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព រវាងសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញ និងផ្លាស់ប្តូរនូវវប្បធម៌នៃប្រទេសទាំងពីរ។

លោកស្រី អុង សានស៊ូជី សង្ឃឹម​យ៉ាងម៉ុតមាំថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post