header ads

Sponsor

ភ្នំពេញៈ រថយន្ត Morning មួយគ្រឿង បើកបោះពួយល្បឿនលឿនជ្រុល ដោយខ្វះការប្រុងប្រយ័ត្ន និងគេចមិនទាន់ ក៏ជ្រុលទៅបុកចំក្បាលព្រួញទ្រូងផ្លូវបាក់ខ្ទេច៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ទាំងខ្លួនឯង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកចូលថ្មី) ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក Morning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375 មានម្ចាស់បើកបរឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបកប្រែឲ្យជនជាតិចិន នៅរោងចក្រមួយកន្លែង ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តបង្កបានបើកបរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះស្រវឹង ឬក៏ងងុយដេកនោះទេ ស្រាប់តែជ្រុលចង្កូតទៅខាងស្ដាំដៃ តម្រង់បុកក្បាលព្រួញទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តវិលមួយជុំ ខ្ទាតប៉ើង ទ្រូងផ្លូវបាក់បែកអស់ចំនួន៣កង់។ រីឯអ្នកបើកបរស្លាប់ភ្លាមៗនៅក្នុងរថយន្ត ទោះជាពលរដ្ឋជួយទាញចេញប៉ុនប៉ងយកទៅសង្គ្រោះក៏មិនទាន់។

បើតាមសាច់ញាតិ និងមិត្តភ័ក្តរួមការងារ បានឲ្យដឹងថា ពួកគាត់មិនបានឃើញជនរងគ្រោះ ដេកនៅបន្ទប់ជួលទេកាលពីយប់មិញ មិនដឹងថា ជនរងគ្រោះទៅដេកឯណាដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮដំណឹងថា ជនរងគ្រោះជួបរឿងអកុសលបែបនេះទៅវិញ។

ក្រោយកើតហេតុសាច់ញាតិ និងមិត្តភ័ក្តរួមការងារ ទៅដល់កន្លែងកើតហេតុទាំងអារម្មណ៍ក្តុកក្តួល ដោយមិននឹកស្មានដល់ ហើយសមត្ថកិច្ចចុះពិនិត្យសាកសព និងបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ដោយឡែក រថយន្តត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងឯកសារទៅតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post