header ads

Sponsor

ភ្នំពេញៈ រថយន្ត LEXUS មួយគ្រឿង ក្រឡាប់ផ្ងារជើងម្ខាង ដោយសារតែម្ចាស់បើកលឿនពេកខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មទ្រូងផ្លូវ ប៉ុន្តែសំណាងមិនបណ្ដាលឲ្យមានរបួស ហើយនាំគ្នាចេញពីកន្លែងកើតហេតុបាត់ទៅ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដែលស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-2096 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ប៉ុន្តែដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលរងការខូចខាតអស់ចំនួនមួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើង តែពិតជាសំណាងល្អណាស់ ដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមិនមានអ្នករបួសនោះ។ អ្នកបើកបរ និងអ្នករួមដំណើរក៏នាំគ្នាចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយសំណងលើការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post