ភ្នំពេញៈ រថយន្តដឹកជញ្ជូនពាក់ស្លាកសញ្ញា “ឆ-ន” មួយគ្រឿង ដឹកទំនិញសំពីងសំពោងខ្ពស់ហួសប្រមាណ បើកកល់ជាប់នឹងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មក្រុមហ៊ុន Dugro នៅមុខមន្ទីរពេទ្យរុស្ស៊ី ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការឃាត់រថយន្ត និងអ្នកបើកបរភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមាមជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្ត បានឲ្យដឹងថា រូបគាត់បើករថយន្តធុនធំមួយគ្រឿងម៉ាក FUSU របស់ក្រុមហ៊នដឹកជញ្ជូនហៅកាត់ “ឆ-ន” ក្បាលពណ៌បៃតងលាយស ពាក់ស្លាកលេខ បាត់ដំបង 3A-0538 បានដឹកទំនិញពីខេត្តតាកែវ យកមកដាក់នៅឃ្លាំងមួយកន្លែង នៅម្តុំក្រោយមន្ទីរពេទ្យរុស្ស៊ី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង។ ប្រភពបន្តថា ដោយដឹកខ្ពស់ហួសប្រមាណពេក លុះមកដល់ចំណុចកើតហេតុ បានកល់ជាប់ពីក្រោមស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម Dugro កាត់ទទឹងផ្លូវ។

ភ្លាមៗនោះ ប្រជាពលរដ្ឋឃើញហេតុការណ៍ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ និងធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ២ បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញផ្នែកវាស់វែង នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមវិធីច្បាប់៕

ផ្ដល់សិទ្ធិដោយ៖campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor