ភ្នំពេញៈ ជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រី កើតឡើងជាញឹកញា់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀតផង។ ជាក់ស្ដែងគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ បន្ទាប់ពីអ្នកលេងជាជនជាតិចិន ចំនួន២ក្រុម បើករថយន្តបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តទាំងសងខាង ហើយឈានដល់កើតមានហិង្សាដេញវាយគ្នាពេញផ្លូវផ្អើលអស់សមត្ថកិច្ច កាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ព្រំប្រទល់ជាមួយសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យអង្គភាពសារព័ត៌មាន ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក  Toyota Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3367 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3693 បើកបរដោយបុរសជនជាតិចិនម្នាក់ទៀត និងរួចដំណើរប្រុសស្រី៥នាក់ ដែលជាជនជាតិចិនដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម្ខាងទៀត វិលមួយជុំរងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុហើយ ភាគីខាងរថយន្តពណ៌ស ដោយអាងគ្នាច្រើនក៏ចុះពីរថយន្តដេញវាយភាគីម្ខាងទៀត ទើបតដៃគ្នាទៅវិញទៅមករហូតរបួសម្នាក់។ មួយសន្ទុះក្រោយមក ពួកគេមិនអស់ចិត្ត ក៏ហៅបក្ខពួកមកបន្ថែមទៀត ទាំងសងខាង បំណងមកវាយគ្នាទៀត។ ទោះជាសមត្ថកិច្ចនៅកន្លែងកើតហេតុក៏ដោយ ក៏ភាគីទាំងសងខាងហៅគ្នាមកកាន់តែច្រើនឡើងៗ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង បានរាយការណ៍សុំកម្លាំងបន្ថែម ចុះមកជួយអន្តរាគមន៍ ទើបក្រុមជនជាតិចិនទាំងនោះ បំបែកគ្នារៀងៗខ្លួន។

ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋាន ដោយសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងរថយន្តទាំងពីរគ្រឿង និងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor