header ads

Sponsor

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុករតនមណ្ឌល ចុះឃាត់ខ្លួនទាំងមានភាពតានតឹងបំផុត បន្ទាប់ពីពួកគេដឹងថា សមត្ថកិច្ចចុះបង្ក្រាបដំណាំកញ្ឆារបស់ពួកគេ។ ពួកគេចង់ស្ទុះទាញយកកាំភ្លើងកែច្នៃមកតដៃនឹងសមត្ថកិច្ច ប៉ុន្តែមិនអាចទៅរួចនោះទេ។

អនុសេនីយ៍ឯក ឈុន រុន អធិការរងនគរបាលស្រុករតនមណ្ឌល បញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃ២២ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង១០ព្រឹក នៅចំណុចភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍ត្រែង។ លោកបន្តឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានការលួចដាំ ដោយខុសច្បាប់នូវរុក្ខជាតិញៀន “កញ្ឆា” រួចមក លោកបានដឹកនាំកម្លាំងចុះទៅដល់ត្រង់ចំណុចខាងលើ។ នៅពេលនោះ ក្រុមជនសង្ស័យដែលមានគ្នាចំនួនពីរនាក់ បានស្ទុះទាញកាំភ្លើងកែច្នៃ ដោយមានចេតនាចង់តដៃនឹងសមត្ថកិច្ច ប៉ុន្តែដោយសារកម្លាំងមានភាពរហ័សរហួនបានភ្ជង់មិនឲ្យជនទាំងនោះកម្រើកខ្លួនបាន។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ ឈ្មោះ ឆុន ឆិ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកដាំកញ្ឆា និងឈ្មោះ ហេង លីហ៊ួត ហៅ ស្ដេចខ្មោច ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកផ្តល់ដីឲ្យដាំកញ្ឆា។ អ្នកទាំង២ រស់នៅភូមិឃុំខាងលើ ព្រមទាំងបានដកហូតនូវវត្ថុតាំងមួយចំនួន ដូចជាកញ្ឆាស្រស់ចំនួន៣០០ដើម អាវុធខ្លីកែច្នៃចំនួន១ដើម ក្បាលគ្រាប់អាវុធM១៦ ចំនួន២៦គ្រាប់ គ្រាប់កង់ចំនួន៣គ្រាប់ ឧបករណ៍បំពាក់ក្បាលគ្រាប់ចំនួន៣ និងផាវរំសេវមួយចំនួន។

បច្ចុប្បន្ន ទាំងវត្ថុតាង និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post