header ads

Sponsor

រតនគិរីៈ ឈើប្រណីតប្រភេទ កកោះ ដែលមានមុខកាត់ ២៥ឃ្លុំ ប្រវែង១.២ ម៉ែត្រ រាប់រយកំណាត់ ដែលត្រូវក្រុមឈ្មួញប្រមូលទិញពីក្រុមដឹកតាមម៉ូតូ និងរថយន្តមកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ រួមមាន​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី កម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងអធិការស្រុកបានលុង កម្លាំងប៉ុស្តិ៍រដ្ឋាបាល ដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី ចុះបង្រ្កាបបានដោយជោគជ័យ កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

ក្នុងការចុះ​បង្ក្រាបនេះ ត្រូវបានមហាជនក្នុងខេត្តរតនគីរី លើកឡើងថា នេះជាករណីបង្រ្កាបបទល្មើសឃ្លាំងស្តុបឈើខុសច្បាប់ ជាទ្រង់ទ្រាយធំលើកទី១ ដែលពីមុន មិនដែលមានការបង្ក្រា​បដូច្នោះឡើយ។ ចំពោះរឿងមេឈ្មួញ ដែលប្រហើន​ហ៊ានប្រមូលទិញឈើប្រណីតទាំងនោះ មកស្តុបទុក្ខបែបនេះ ធ្វើឲ្យ​មហាជនដាក់ការសង្ស័យថា ប្រហែលជាមានខ្នងបង្អែកនៅពីក្រោយហើយ បានជាមិនខ្លាចញញើតសមត្ថកិច្ច​ជំនាញយ៉ាងដូច្នោះ។

ប្រភពខាងលើបន្តថា ក្រុមឈ្មួញខាងលើនេះ បានដឹកឈើយកមកស្តុកទុកក្នុងឃ្លាំងនៅចំកណ្តាលក្រុងបានលុងតែម្តង ឬក៏សមត្ថកិច្ចធ្វើជាមិនដឹងមិនលឺ ជាពិសេសនោះ គឺផ្នែករដ្ឋបាលព្រៃឈើ ដែលមានលោក ជា កុណារ៉ា នាយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានលុង គឺលោក លី សុផាន។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍បង្រ្កាបឈើខុសច្បាប់ខាងលើនេះ ត្រូវបានម្ចាស់ផ្ទះចាក់សោផ្ទះ និងឃ្លាំងរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះមកដល់។

បច្ចុប្បន្នឈើខុសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចរឹបអូសដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីស្វែងរកម្ចាស់អោយចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ស្តីពីព្រៃឈើ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post