Sponsor

ឧ​ត្ត​រ​មានជ័យ​ ៖​ ក្រោយពីទទួលបានការចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​នាយ​ប៉ុស្តិ៍ និង ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ សម្រេច​ដាក់​ពិន័យ​លើ លោក​ឧត្ដមសេនីយ៍​ត្រី ខូង ទីន អត្តលេខ​០៥១៨២ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដោយ​រូបភាព​ព្រមាន​ជា​លើក​ទី​១ ពាក់ព័ន្ធ​ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ ដោយបាន​ចាត់​ក្រុមការងារ​មួយក្រុម​ដែល ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​។

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រួចមក តាមរយៈ​ការបំភ្លឺ និង​ការ​ពិនិត្យឃើញថា ជុំវិញ​ព័ត៌មាន​អំពី​ការទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ គឺ​ពិតជា​មានការ​ឲ្យ​លុយ ៥,០០០​រៀល ឬ ១០,០០០​រៀល ដល់​នគរបាល​នៅ​ទីនោះ​ពិតមែន ក៏ប៉ុន្តែ​មិនជា​ការ​ទាមទារ​ទេ គឺ​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មួយចំនួនច្រើន​ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ​មួយចំនួន លោក​មិនចេះ​បំពេញ​សាលកប័ត្រ ទើប​ពេលខ្លះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ជួយ​បំពេញ​ជូន​ពួកគាត់ ដើម្បី​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ​មួយចំនួន​ក៏មាន​សន្តាន​ចិត្ត ជូន​ប្រាក់​បន្តិចបន្តួច ខ្លះ ប្រាំ​ពាន់​រៀល ខ្លះ​ទៀត​មួយ​ម៉ឺន​រៀល ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជួយ​បំពេញ​។​

​ទោះជា​យ៉ាងណា ក៏​ក្រុមការងារ​បាន​រកឃើញ​ភាព​អសកម្ម​មួយចំនួន បណ្តាល​មកពី​ការគ្រប់គ្រង​របស់​លោក​ឧត្ដមសេនីយ៍​ត្រី ខូង ទីន ជា​នាយប៉ុស្តិ៍ មានការ​ធូររលុង មិនមាន​ការយកចិត្ត​ទុកដាក់ ដូចជា អវត្តមាន​ច្រើន មិនសូវ​នៅជាប់​លាប់ និង​ដឹកនាំ​បញ្ជា​កម្លាំង​ជាប្រចាំ ដែល​នៅ​គោលដៅ​ឈរជើង​របស់ខ្លួន។ នៅពេល​អវត្តមាន លោកនាយ​ប៉ុស្តិ៍ បានប្រគល់​សិទ្ធិ​ដឹកនាំ​ការងារ ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង នាយរង​ប៉ុស្តិ៍ ជា​នាយ​ប៉ុស្តិ៍​ស្ដីទី ដើម្បី​ដឹកនាំ​បញ្ជា និង​ដោះស្រាយ​បញ្ហា​ការងារ​នៅក្នុង​អង្គភាព​។ ពេលខ្លះ​លោក​​ឧត្ដមសេនីយ៍​ត្រី ខូង ទីន នៅ​កន្លែង ក៏​ប្រគល់​ការងារ​ឲ្យ​សិទ្ធិ​ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង ជា​នាយ​ប៉ុស្តិ៍​ស្ដីទី​ដែរ។​

​ក្នុង​គោលបំណង​កែ​លម្អ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ចាត់វិធានការ​មួយចំនួន ក្នុង​ការ​ទប់ស្កាត់​ភាព​អសកម្ម របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ ក្នុង​ធ្វើ​ដំណើរ​ចេញ​-​ចូល ឲ្យ​មាន​ភាព​ងាយស្រួល ជូន​ប្រជាពលរដ្ឋ​រួមមាន​ ៖
១.សូម​គោរព​សុំ​គោលការណ៍ ដាក់ពិន័យ​លោក​​ឧត្ដមសេនីយ៍​ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដោយ​រូបភាព ព្រមាន​ជា​លើក​ទី​១, ២.​រៀបចំ​កែលំអ​បញ្ជរ​បែបបទ​ចេញ​-​ចូល ឲ្យ​បាន​សមស្រប និង​រៀបចំ​លំហូរ​អ្នកដំណើរ ឲ្យ​មានការ​តម្រង់​ជួរ​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​ឆ្លៀតឱកាស​ជួយ​សម្រួល លឿន រហ័ស​ទាន់ពេល ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ៣.​ពង្រឹង​ការគោរព​បទបញ្ជា វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ អប់រំ​សីលធម៌ ឥរិយាបថ និង ​អាកប្បកិរិយា បំពេញការងារ​របស់​មន្ត្រី តាម​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន និង​ធ្វើការ​ដាក់​វិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ខុសឆ្គង និង​៤.​សូម​ការអនុញ្ញាត​ធ្វើការ​ឆ្លើយតប ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) អំពី​ការ​ចាត់​វិធានការ ដូច​បាន​គោរព​ខាងលើ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor