កណ្ដាលៈ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួន ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្ត៍ បង្ហោះរូបអាក្រាតកាយរបស់ស្រីស្នេហ៍លើបណ្ដាញសង្គម។
ជនសង្ស័យមានឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ សំ វណ្ណី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មេផ្ទះ។
ពាក់ព័ន្ធករណីនេះ បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០១៩ នាងខ្ញុំបានបើក Facebook លេងស្រាប់តែមានអាខោន Facebook ឈ្មោះ ទឹកហូរមិនហត់ បានអេដមកជនរងគ្រោះ ហើយម្ចាស់អាខោននោះ បានឆាតមកនិយាយគ្នាលេងបានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចំរើន (Facebook ទឹកហូរមិនហត់ ប្តូរឈ្មោះទៅដាក់ឈ្មោះ ចំរើន ស៊ីណា) បានសុំស្រឡាញ់នាងខ្ញុំ ហើយនាងខ្ញុំបាននិយាយថា បើស្រឡាញ់មកជួបសិនមកចាំស្រឡាញ់គ្នា។ នៅថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលា
ម៉ោង៥៖០០នាទី ឈ្មោះ មាស ចំរើន បានមកជួបនាងខ្ញុំនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មកនាងខ្ញុំបានជូនឈ្មោះនេះទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។ លុះព្រឹកឡើងនាងខ្ញុំបាននាំឈ្មោះ មាស ចំរើន ទៅលេងបងប្រុសឈ្មោះ វណ្ណី អាយុ៥៦ឆ្នាំ ដែលធ្វើការនៅសាលាស្រុកកោះធំ បានចំនួន៥ថ្ងៃ ហើយនាងខ្ញុំបានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះ មាស ចំរើន តែងតែលួចថតរូបភាពអាសអាភាសនាងខ្ញុំដេក ដោយនាងខ្ញុំពុំបានដឹងខ្លួនឡើយ។
ជួបគ្នាបានមួយរយៈក្រោយមកទើបដឹងថា ឈ្មោះ មាស ចំរើន មានប្រពន្ធនិងកូនហើយ ពេលនោះនាងខ្ញុំបានសុំផ្តាច់ទំនាក់ទំនងជាមួយគាត់ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជាមួយខ្ញុំទៀត ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែង បង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook នាងខ្ញុំ និងផ្ញើរូបភាពទាំងនោះឲ្យពួកគេមើលថែមទៀតផង។ ទង្វើរបស់ឈ្មោះ មាស ចំរើន បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ។
ចំណែកជនសង្ស័យ បានសារភាពថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រើអាខោន Facebook ដែលមានឈ្មោះ ទឹកហូរមិនហត់ ដោយដាក់ក្នុងប្រូហ្វាល់រូបពិត(ផ្ទាល់ខ្លួន) ហើយក៏មានការទំនាក់ទំនងគ្នាជាមួយឈ្មោះ សំ វណ្ណី តាមរយៈសង្គម Facebook កាន់តែស្និតស្នាលខ្លាំងឡើង រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៤៖០០នាទី បានណាត់ជួបគ្នានៅរង្វង់មូលក្រុងតាខ្មៅ ពេលជួបគ្នារួចឈ្មោះ សំ វណ្ណី ក៏បាននាំខ្ញុំទៅផ្ទះសំណាក់ សុខា សម្បត្តិ ដេកបាន១យប់ ក្រោយមកទៀតខ្ញុំនិងឈ្មោះ សំ វណ្ណី នាំគ្នាទៅដេកនៅស្រុកកោះធំបានចំនួន៥យប់ទៀត រហូតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥៖៣០នាទី ខ្ញុំបាទបានណាត់ជួបជាមួយឈ្មោះ សំ វណ្ណីនៅស្រុកកោះធំដេកជាមួយគ្នាបាន២យប់ ដល់ថ្ងៃទី៩ ខែឆ្នាំដដែលវេលាម៉ោង១២រំលងអធ្រាត្រ ឈ្មោះ សំ វណ្ណី បានផឹកស៊ីជាមួយបងប្អូននៅស្រុកកោះធំស្រវឹង ហើយបានដេកអាក្រាតកាយ ខ្ញុំឃើញដូចនេះ ខ្ញុំយកទូរស័ព្ទដៃថតកេរ្ដិ៍ខ្មាសរបស់ឈ្មោះ សំ វណ្ណី តែម្ដង។
ក្រោយពីថតរូបអាសអាភាស ឈ្មោះ សំ វណ្ណី ក៏បានផ្ដាច់ការទាក់ទងស្នេហានិងគ្នា ដោយសារតែខ្ញុំភូតកុហក់ថា លែងប្រពន្ធដាច់ស្រាចហើយ សុំរស់នៅជាមួយគ្នា ប៉ុន្ដែឈ្មោះ សំ វណ្ណី មិនព្រម។
ដោយមានចិត្ដខឹងខ្លាំងពេក ក៏បានផ្ញើរូបកេរ្ដិ៍ខ្មាស់របស់ឈ្មោះ សំ វណ្ណី តាមរយៈឆាតឲ្យទៅអ្នកដែលខ្ញុំស្គាល់ប្រហែលចំនួន៧នាក់ ដែលមានឈ្មោះអាខោ Facebook ដូចជា ពូម៉ូតូឌុប, នឿន, Bong Heanh, ចង់បានប្ដីណាស់, ចំរើន ស៊ីណា និងអាខោន២ទៀតខ្ញុំមិនចាំទេ ចំពោះ ការឆាតរូបអាក្រាតកាយ និងជាសម្លេងគំរាមកំហែងទៅលើឈ្មោះ សំ វណ្ណី ខ្ញុំទទួលស្គាល់ពិតប្រាកដមែន។ ចំពោះការឆាតជាសម្លេង ជាអក្សរ ជារូបភាព គឺចង់ឲ្យឈ្មោះ សំ វណ្ណី ខ្មាស់គេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ។ ឥឡូវនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសម្រេចតាមច្បាប់៕