header ads

Sponsor

ភ្នំពេញៈ ជនបរទេសមួយរូប ទើបតែមកលេងប្រទេសកម្ពុជាយើងថ្ងៃដំបូង ហើយឈរនិយាយទូរស័ព្ទ ខ្វះការប្រុងប្រយ័ត្ន ជនសង្ស័យ២នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ និងប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Oppo បានសម្រេច កាលពីវេលាម៉ោង២៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងមួយកន្លែង តាមបណ្ដោយផ្លូវ៥១ វិថី(ប៉ាស្ទ័រ) កែងនិងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ជី ម៉ាប់ អាយុ២៥ឆ្នាំ ជាអ្នកឆក់ជិះពីក្រោយ ចំណែកអ្នកបើកម៉ូតូដែលរងរបួសមានឈ្មោះ សម្បត្តិ អាយុជាង៣០ឆ្នាំ បានប្រើប្រាស់មធ្យោបាយម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0122។ ចំណែកជនបរទេសរងគ្រោះម្ចាស់ទូរស័ព្ទមានឈ្មោះ ខេ វិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិស្វីស ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅជិតផ្សារបឹងកេងកង ទើបតែមកលេងកម្ពុជាថ្ងៃដំបូងហើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសរងគ្រោះជាជនជាតិស្វីស កំពុងឈរនិយាយទូរស័ព្ទនៅលើកំណាត់ផ្លូវ៥១ ភ្លេចខ្លួន ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ម៉ាក Oppo F11-Pro ពីដៃជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូរត់ទៅទិសខាងជើង។

ប្រភពបន្តថាភ្លាមៗនោះ ក៏មានបុរសម្នាក់ ដែលជាពលរដ្ឋចិត្តល្អឃើញហេតុការណ៍ពីចម្ងាញ ហៅបុរសរងគ្រោះឡើងលើរថយន្ត Pirus របស់គាត់ ហើយប្រដេញតាមជនសង្ស័យដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសបរទេសនោះ រហូតដល់ផ្លូវ១០៩ ខាងក្រោយអូរតែលញ៉ូវយ៉ក កែងផ្លូវ៥១ ជាប់របងសាលារៀនវត្តកោះ ជនសង្ស័យភ័យស្លន់ស្លោរផ និងបើកម៉ូតូលឿនពេក ក៏ទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង ហោះផ្លោងបោកផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យដួលរងរបួស បែកមុខបែកមាត់ ហើយក៏ឃើញជ្រុះប្រដាប់កាច់កម៉ូតូចំនួន២ដើមផងដែរ ភ្លាមនោះជនសង្ស័យដែលជាអ្នកធ្វើសកម្មភាព ជិះពីក្រោយ រហួសស្រាល បានស្ទុះបម្រុងរត់គេចដែរ តែត្រូវបានប្រពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង និងដកហូតទូរសព្ទ័ដៃ របស់ជនរងគ្រោះបានមកវិញ តែទូរស័ព្ទខូចខ្ទេចបាត់ទៅហើយ។

តែយ៉ាងក៏ដោយ បុរសបរទេសម្ចាស់ទូរស័ព្ទ និងអ្នកជួយបកប្រែសមាជិកអង្គការកុមារកម្ពុជា បានថ្លែងអំណរអរគុណ ឥតឧបមារឱបបុរសម្ចាស់រថយន្ត PIRUS ចិត្តល្អ គ្រាន់តែឃើញហេតុការណ៍នោះភ្លាម ហៅគាត់ឡើងជិះរថយន្ត បើកប្រដេញតាមជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ រួចជិះគេចខ្លួន រហូតដល់ផ្លូវ១០៩ កែងផ្លូវ៨១ ខាងជើងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបង្ហាញពីទឹកចិត្ត ដ៏គួរឲ្យគោរពមួយរបស់ប្រជាជនខ្មែរ។

បុរសបរទេសម្ចាស់ទូរស័ព្ទ បានផ្ញើសារជាការកោតសរសើរដ៏មានអត្ថន័យមួយ សម្រាប់ប្រទេសកម្ពុជាថា ទោះបីមានរឿងនេះកើតឡើង ចំពោះគាត់ក៏ដោយ តែរូបគាត់ពិតជាអរគុណប្រជាជនខ្មែរដែល សហការគ្នាជួយចាប់ចោរ ឆក់ទូរស័ព្ទរបស់គាត់ គាត់សរសើរទៀតថា នេះមិនដល់១០នាទីទេ គឺឃើញមានប៉ូលិសមកភ្លាមៗ និងក្រុមអ្នកសារព័ត៌មានថែមទៀតផង ពិតជាលឿនមែន ហើយជាពិសេសអរគុណម្ចាស់រថយន្ត Pirus យ៉ាងខ្លាំង ដែលចាត់ទុកជា Hero សម្រាប់គាត់ ទាំងនេះជាការផ្តល់នូវកម្លាំងចិត្តដែលមិនអាចបំភ្លេចបានពីសំណាក់ប្រជានជនកម្ពុជា ជាចុងក្រោយ គាត់សូមថ្លែងអំណរគុណម្តងទៀត និងជូនពរអ្នកទាំងអស់គ្នា នៅតែបន្តការងារទៅមុខ  ប្រកដដោយជោគជ័យ។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេច ចំនួន២លើករួចមកហើយ ដោយលើកនេះជាលើកទី៣ ត្រូវគេចាប់បានតែម្ដង។

ក្រោយមកជនសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំបញ្ជូនបន្តការទៅតាមនីតិវិធីច្បាប់ ជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post